ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់បញ្ជូនខ្លួនជំនួយការផ្ទាល់ឧកញ៉ាម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ រំលោភលើទំនុកចិត្ត និង ឆបោក លើទឹកប្រាក់ប្រមាណជាង២១ ម៉ឺនដុល្លារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
ជនសង្ស័យមានឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជំនួយការឧកញ៉ាបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២១ ដើមបណ្តឹងបានបើកក្រុម ហ៊ុនមួយ ដោយតម្រូវឲ្យឈ្មោះ យឹង សារ៉ាត់ ដែលជាជំនួយការឧកញ៉ា ប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ដើម្បីឲ្យចូលបម្រើការងារ តាមផ្នែក តាមជំនាញ ដែលក្រុមហ៊ុនត្រូវការ ។ បន្ទាប់មកឈ្មោះ យឹង សារ៉ាត ក៏បានជ្រើសសបុគ្គលិកបានមួយចំនួនឲ្យចូលធ្វើការងារពិតប្រាកដ និង បើកប្រាក់ខែតាមការកំណត់ ។

ប៉ុន្តែក្រោយមកក្រុមហ៊ុនបានរកឃើញ ការដឹកនាំ និងការគ្រប់គ្រង ចាត់ចែង លើបុគ្គលិក ដោយមានភាពអនា ធិបតេយ្យរបស់ឈ្មោះ យឹង សារ៉ាត់ ធ្វើរបាយការណ៍មិនត្រឹមត្រូវ ភូតកុហកក្រុមហ៊ុន ពិសេសមានបុគ្គលិក (ខ្មោច) ដូចជាតៃកុឡាន ព្រូឡាន ឈ្មោះខ្លះឈប់ ខ្លះមិនចូលធ្វើការ នៅតែបើកប្រាក់ខែពីក្រុមហ៊ុន ដែលក្រុមហ៊ុនត្រូវបានចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងមួយខែ ឲ្យទៅឈ្មោះ យឹង សារ៉ាត់ សម្រាប់បើកឲ្យបុគ្គលិកនោះ។
ទីបំផុតនៅពេលគណនេយ្យក្រុមហ៊ុនបិទបញ្ជីចំណូលចំណាយប្រចាំខែ ដើម្បីរាយការជូនឧកញ៉ាម្ចាស់ក្រុមហ៊ុន ទើបដឹងពីការ បាត់បង់ថវិការនោះ លុះពេលស្រាវជ្រាវទៅក៏ធ្លាក់លើជំនួយការឧកញ៉ា ជាអ្នកកិបកេង និងធ្វើឲ្យបាត់បង់ប្រាក់ តាមរូបភាពជ្រើសរើសបុគ្គលិក (ខ្មោច)៕
អត្ថបទ៖ ចតុមុខ

