រដ្ឋាភិបាល​ជប៉ុន​បាន​ជំរុញ​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង​ តូក្យូ និង តំបន់​ជុំ​វិញ​ខ្លួន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អគ្គិសនី​នា​ថ្ងៃ​ ច័ន្ទ ដើម​សប្ដាហ៍​នេះ ខណៈ​ដែល​ខ្លួន​បាន​ព្រមាន​ថា ការ​ផ្គត់​ផ្គង់​នឹង​មាន​ភាព​តាន​តឹង​ស្រប​ពេល​ប្រទេស​ ប្រឈម​នឹង​រលក​កម្ដៅ​។

ក្រសួង​សេដ្ឋ​កិច្ច​ ពាណិជ្ជកម្ម និង ឧស្សាហកម្ម រំពឹង​ថា តម្រូវ​ការ​ថាមពល​នឹង​ «​ធ្ងន់​ធ្ងរ​» នៅ​រសៀល​នេះ​ (​ម៉ោង​ក្នុង​ស្រុក​)។ ក្រសួង​បាន​និយាយ​ថា មនុស្ស​គួរ​តែបិទ​ភ្លើង​ដែរ​មិន​ចាំ​បាច់​ ប៉ុន្ដែ​នៅ​តែ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​ជៀស​វាង​ការ​ឡើង​កម្ដៅ​។

អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​មក​នេះ ក្រុម​មន្រ្តី​បាន​ព្រមាន​អំពី​ការ​ដាច់​ចរន្ដ​អគ្គិសនី​នៅ​ពេល​ដែល​សីតុណ្ហភាពកើន​ឡើង​ខ្លាំង​។​

នៅ​ចុង​សប្ដាហ៍​នេះ​សីតុណ្ហភាព​នៅ​កណ្ដាល​ទីក្រុង​ តូក្យូ​ បាន​កើន​ឡើង​លើស​ពី ៣៥អង្សា ខណៈ​ទី​ក្រុង Isesaki ភាគពាយ័ព្យនៃ​រាជធានី​មាន​សីតុណ្ហភាព​ខ្ពស់​បំបែក​កំណត់​ត្រា​ ៤០.២​អង្សាសេ​។ នោះ​គឺជា​សីតុណ្ហភាពខ្ពស់បំផុតមិន​ធ្លាប់​មាន​ក្នុង​ខែ​ មិថុនា ​សម្រាប់ប្រទេស​ជប៉ុន​។ ខែ មិថុនា គឺ​​ជា​ការ​ចាប់​ផ្តើម​នៃ​រដូវ​ក្តៅ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដោយ​សីតុណ្ហភាព​ជា​ធម្មតា​ក្នុង​ខែ​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ ៣០​អង្សាសេ​។

នៅ​ក្នុងសេចក្ដី​ថ្លែង​​ការណ៍មួយ​​កាល​ពី​ថ្ងៃ អាទិត្យ​ សប្ដាហ៍​មុន​ ក្រសួង​បាន​និយាយ​ថាសមត្ថភាព​ផលិត​អគ្គិសនី ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៣,៧% នៅ​រសៀល​ថ្ងៃ ចន្ទក្នុង​ទីក្រុង​ តូក្យូ និង​ខេត្ត​ជុំវិញ​ចំនួន​៨​។

រដ្ឋាភិបាល​បាន​ស្នើឲ្យ​ប្រជាជន​បិទ​ភ្លើង​ដែល​មិន​ចាំ​បាច់​រយៈ​ពេល​៣​ម៉ោង ចាប់​ពី​ម៉ោង​ ១៥:០០នាទី​សៀល​ទៅ ហើយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​។

សូម​ជម្រាប​ថា ការ​ផ្គត់​ផ្គង់​ថាមពល​របស់​ប្រទេស​ជប៉ុន​ មិន​ដំណើរ​ការ​រលូន​ឡើយ​ ចាប់​តាំង​ពី​ការ​​រញ្ជួយដី​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​របស់​ខ្លួន​កាល​ពី​ខែ​ មីនា បាន​បង្ខំ​ឲ្យ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​មួយ​ចំនួន​ត្រូវ​ផ្អាក​ប្រតិបត្តិការ​។

ក្រុម​មន្ត្រី​ក៏​បាន​បិទ​រោង​ចក្រ​ឥន្ធនៈ​ហ្វូស៊ីល​ដែល​មាន​វ័យ​ចំណាស់​មួយ​ចំនួន​ផង​ដែរ​ ក្នុង​ការ​ប៉ុន​ប៉ង​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ឌីអុកស៊ីត​៕

ប្រភព៖ BBC

Share.