រដ្ឋាភិបាលស្រីលង្កាកាលពីថ្ងៃ ច័ន្ទ បានប្រកាសថា មានតែសេវាកម្មសំខាន់ៗប៉ុណ្ណោះដែលនឹងទទួលបានការអនុញ្ញាតទិញប្រេងឥន្ទនៈ ដើម្បីទប់ទល់នឹងការខ្វះខាតប្រេងឥន្ទនៈសារជាថ្មី។
វិធានការនេះនឹងដំណើរការចាប់ពីពាក់កណ្ដាលអធ្រាតនេះរហូតដល់ថ្ងៃទី ១០ ខែ កក្កដា ហើយប្រតិបត្តិការផ្សេងៗទៀត នឹង ត្រូវផ្អាកជាបណ្ដោះអាសន្ន ខណៈដែលប្រទេសនេះរងគ្រោះដោយវិបត្តិប្រឈមនឹងការខ្វះខាតប្រេងឥន្ទនៈធ្ងន់ធ្ងរ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនស្រីលង្កា លោក Bandula Gunawardena បាននិយាយថា «គណៈរដ្ឋមន្រ្តីបានសម្រេចចិត្តផ្ដល់ប្រេងឥន្ទនៈសម្រាប់តែសវាកម្មសំខាន់ៗប៉ុណ្ណោះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១០ ខែ កក្កដា ហើយលោកក៏បានជំរុញឲ្យនិយោជិតទាំងសាធារណៈ និង ឯកជនដាក់ពាក្យធ្វើការតាមផ្ទះរហូតលដល់ថ្ងៃបញ្ចប់ការកំណត់»។
លោក Gunawardena បានបញ្ជាក់ថា ប្រេងឥន្ទនៈនឹងត្រូវបានផ្គត់ផ្គង់សម្រាប់តែសេវាកម្មសំខាន់ៗដូចជា វិស័យសុខាភិបាល ការដឹកជញ្ជូនម្ហូបអាហារ វិស័យកសិកម្ម វិស័យការពារជាតិ។

បច្ចុប្បន្នស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចអាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨។ នៅពាក់កណ្តាលខែ មេសា ស្រីលង្កាបានសងបំណុលបរទេសរបស់ខ្លួនជាបណ្តោះអាសន្ន ហើយពេលនេះកំពុងរង់ចាំការរៀបចំរចនាសម្ព័ន្ធឡើងវិញក្រោមកម្មវិធីកែសម្រួលសេដ្ឋកិច្ចដែលគាំទ្រដោយ IMF ខណៈបំណុលបរទេសរបស់ប្រទេសស្រីលង្កាត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥១ពាន់លានដុល្លារ។
វិបត្តិសេដ្ឋកិច្ចនេះបណ្តាលមកពីកង្វះរូបិយប័ណ្ណបរទេសដែលបណ្តាលមកពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ អំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដោយធ្វើឲ្យប្រទេសនេះមិនអាចទិញប្រេងឥន្ធនៈគ្រប់គ្រាន់ ហើយប្រជាជនប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងឧស្ម័ន ខណៈតំបន់ជាច្រើនប្រឈមនឹងការដាច់ចរន្តអគ្គិសនីជាដើម៕

