អាជ្ញាធរបានរកឃើញជនចំណាកស្រុកចំនួន ៤៦នាក់ស្លាប់នៅក្នុងរថយន្ដកុងតឺន័រកាលពីថ្ងៃ ច័ន្ទ ទី ២៧ ខែ មិថុនា (ម៉ោងក្នុងស្រុក) នៅជាយក្រុង San Antonio រដ្ឋ Texas នេះជាករណីរត់ពន្ធមនុស្សដែលបណ្ដាលឲ្យមានការស្លាប់ច្រើនបំផុត នៅតាមបណ្ដោយព្រំដែន អាមេរិក-ម៉ិកស៉ិក ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់អ្នករត់ពន្ធមនុស្ស។

នាយកដ្ឋានពន្លត់អគ្គីភ័យក្រុង San Antonio បាននិយាយថា មនុស្ស ១៦នាក់ផ្សេងទៀតនៅក្នុងឃ្លុបកុងតឺន័រ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារក្ដៅហប់ខ្លាំងពេក បណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល និង អស់កម្លាំង។ នាយកដ្ឋានអគ្គីភ័យបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង ១៦នាក់ មានកុមារ ៤នាក់ផងដែរ ដោយពួកគេទាំងអស់គ្នា មានអាការៈក្ដៅខ្លួនខ្លាំង អស់កម្លាំងខ្សោះខ្លួន។ ស្របពេលជាមួយគ្នា មន្រ្តីប៉ូលីសបានបញ្ជាក់ថា មនុស្ស ៣នាក់ ត្រូវបានឃុំខ្លួនដើម្បីធ្វើការស៊ើបអង្កេត បន្ទាប់ពីកើតមានឧបទ្ទវហេតុនេះ។
រដ្ឋមន្រ្តីការបរទេសម៉ិកស៉ិក លោក Marcelo Ebrard បានហៅការថប់ដង្ហើមរបស់ជនចំណាកស្រុកទាំងនេះថា «សោកនាដកម្មនៅរដ្ឋតិចសាស់» នៅលើ Twitter ហើយបាននិយាយថា ស្ថានកុងស៊ុលក្នុងតំបន់កំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ទោះបីជាមានសញ្ជាតិរបស់ជនរងគ្រោះទាំងនោះមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។

ប្រធានក្រុមពន្លត់អគ្គិភ័យទីក្រុង San Antonio លោក Charles Hood បានប្រាប់អ្នកយកព័ត៌មានថា ក្រុមសង្គ្រោះបន្ទាន់ដំបូង បានទៅដល់កន្លែងកើតហេតុនៅម៉ោងប្រហែល ១៨:០០នាទីល្ងាច (ម៉ោងក្នុងស្រុក) បន្ទាប់ពីទទួលរបាយការណ៍អំពីសាកសពមនុស្ស។ លោកបន្ថែមថា រថយន្តដែលអ្នកបើកទុកចោលនោះ គឺគ្មានម៉ាស៊ីនត្រជាក់ និងគ្មានទឹកផឹកនៅខាងក្នុងនោះទេ។
ខណៈអាកាសធាតុនៅទីក្រុង San Antonio ដែលមានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ពីព្រំដែនម៉ិកស៉ិក គឺក្តៅខ្លាំងបំផុតក្នុងរដូវនេះ ដោយសីតុណ្ហភាពនៅទីនោះ ឡើងដល់ ៣៩.៤អង្សាសេ កាលពីថ្ងៃ ច័ន្ទ។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយថា ជនជាតិហ្គាតេម៉ាឡា ២នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈសញ្ជាតិរបស់ជនរងគ្រោះផ្សេងទៀត មិនទាន់ដឹងច្បាស់នៅឡើយទេ។
សូមជម្រាបថា កាលពីខែ កក្កដា ឆ្នាំ ២០១៧ មានជនចំណាកស្រុកចំនួន ១០នាក់បានស្លាប់ បន្ទាប់ពីត្រូវបានដឹកជញ្ជូនតាមកុងតឺន័រ-ឃ្លុបរថយន្ដ ដែលត្រូវបានរកឃើញដោយប៉ូលីសក្រុង San Antonio នៅចំណតរថយន្ដ Wal-Mart ចំណែកឯម្ចាស់រថយន្ដត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតនៅឆ្នាំបន្ទាប់ ពីបទរត់ពន្ធមនុស្សខុសច្បាប់ បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត៕

