ភ្នំពេញ ៖ លោក សុង ប៊ុនរិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើអតីតមន្ត្រីACU ម្នាក់ ពាក់ព័ន្ធពីបទ.វិតិក្រម ពាក់ព័ន្ធអំពើពុករលួយ ពេលបញ្ចប់សវនាការលោកចៅក្រមកំណត់យកថ្ងៃទី១៤ខែកក្តដា ឆ្នាំ២០២២ ធ្វើការប្រកាសសាលក្រម។
ជនជាប់ចោទមានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ អតីតជាមន្ត្រីនាយកដ្ឋានកិច្ចការគតិ យុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ រស់នៅរាជធានីភ្នំពេញ ជាប់ ចោទ ពីបទ.វិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ។

អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ។
សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅថា (ACU) សូមជម្រាបជូន សាធារ ណជន នឹងអ្នកសារព័ត៌មានជ្រាបថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាង ជាបន្តបន្ទាប់ ព្រមទាំងស្តាប់ចម្លើយ របស់ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង អន្តរជាតិ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តល្មើសដែលប្បញ្ញាតក្នុងមាត្រា ៥៩២ (បទវិតិក្រម) នៃក្រមព្រហ្មទណ្ឌ នឹងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

អង្គភាពប្រឆាំងអំពើពុករលួយសូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យបណ្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្តឹង ដែលខ្លួនមិនទទួលបន្ទុកទៀតផង ៕
អត្ថបទ៖ ចតុមុខ

