ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធការចោទប្រកាន់ពីបទ.ក្លែងឯកសារសាធារណៈ.ប្រើប្រាស់ឯកសារក្លែង.(ក្លែងអត្តសញ្ញាណបុគ្គលលើអត្តសញ្ញាណប័ណ្ណ).ឆបោកជាប្រព័ន្ធ និង សម្អាតប្រាក់ ប្រព្រឹត្តនៅធនាគារក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល។

ជនសង្ស័យទី១.ឈ្មោះ សង វ៉ាន់ដេត ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៦A ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ ជុំ ឆេងលី ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ នឹងទី៣.ឈ្មោះ អុល មិថុនា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ទួល ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៣ នាក់ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងទី២៦ ខែមិថុនា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់មេធាវីម្នាក់ ពាក់ពន្ធករណី.ក្លែងឯកសារសាធារណៈ ក្រោមរូបភាពយកទៅឆបោកប្រាក់ពីធនាគារឯកជនមួយប្រមាណ ៣៥០០០ ដុល្លារ។

អង្គហេតុនៃពាក្យបណ្តឹងបានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យទាំង៣នាក់ បានប្រើប្រាស់អត្តសញ្ញាណក្លែង ក្លែងឯកសាធារណៈ ក្លែងអត្តសញ្ញាណបុគ្គលលើអត្តសញ្ញាណប័ណ្ណថា ខ្លួនជាម្ចាស់កម្មសិទ្ធិដីធ្លី និង ជាមនុស្សនៅក្នុងអត្តសញ្ញាណប័ណ្ណខាងលើពិតប្រាកដ ដែលធ្វើឲ្យធនាគារឯកជនសាខាបឹងកេងកង ជឿទុកចិត្ត ប្រគល់ប្រាក់ឲ្យចំនួន ១៥០០០ ដុល្លា ។ លុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យទាំង៣ នាក់ដដែល បានប្រើប្រាស់អត្តសញ្ញាណក្លែង ទៅឆបោកធនាគារ ឯកជនសាខាខណ្ឌដូនពេញ ដកយកប្រាក់ប្រមាណ ២០០០០ ដុល្លារអាមេរិកទៀត ។

ហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យទាំង៣ នាក់ បានប្រើប្រាស់អត្តសញ្ញាណក្លែង ក្លែងឯកសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងអត្ត សញ្ញាណបុគ្គលលើអត្តសញ្ញាណប័ណ្ណថា ខ្លួនជាម្ចាស់កម្មសិទ្ធិដី បានទៅដាក់សំណើរសុំខ្ចីប្រាក់ចំនួន ៩០ ០០០ ដុល្លារអាមេរិក ពីធនាគារឯកជនសាខាខណ្ឌពោធិ៍សែនជ័យ ម្តងទៀត ប៉ុន្តែលើកនេះពួកគេក៏ត្រូវអស់ល័ក្ខ ដោយខាងធនាគារបានប្រើប្រាស់សិទ្ធិពឹងពាក់មេធាវីការពារក្តី ប្តឹងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចាប់ខ្លួនបុគ្គលទាំង៣ នាក់ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖​ ចតុមុខ

Share.