ភ្នំពេញ ៖ ម៉ូតូឃ្លីកមួយគ្រឿងជិះឌុបគ្នា២នាក់បងប្អូន លឿនជ្រុលទៅបុកស្ត្រីដើរឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់បែកក្បាលហូរឈាមសន្លប់ស្តូកស្តឹង រីឯ២នាក់ទៀតរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវចោមចៅ មុខច្រកចូលសាលាសង្កាត់ចោមចៅទី១ ចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះជាកម្មការនីរោងចក្រ បានដើរថ្មើរជើងឆ្លងផ្លូវពីជើងទៅត្បូង បំណងឆ្ពោះទៅរោងចក្រ ខណៈដែលកំពុងដើរឆ្លងដល់ទ្រូងផ្លូវកណ្តាលហើយ ស្រាប់តែ ម៉ូតូឃ្លីកមួយគ្រឿង ពណ៌ស លាយស ពាក់ស្លាកលេខ ភ្នំពេញ 1BA-7876 ជិះឌុបគ្នា២នាក់បងប្អូន ប្រុសម្នាក់ ស្រីម្នាក់ បើកពីកើតទៅលិចល្បឿនលឿនប្រញាប់ចូលធ្វើការរោងចក្រ បែជាជ្រុលបុកពេញទំហឹង បណ្តាលឲ្យបោកដួល ស្ត្រីជាអ្នកថ្មើរជើងរងរបួសធ្ងន់ម្នាក់ បែកក្បាលហូរឈាម សន្លប់ស្តូក រីឯបុរសអ្នកបើកម៉ូតូ របួសស្រាល រយៈមុខមួយចំហៀង និងស្ត្រីរួមដំណើរ រងរបួសស្រាលដូចគ្នា ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ជនរងគ្រោះ របួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនរស្មី ដឹកយកទៅសង្គ្រោះ ចំណែកឯម៉ូតូ និងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចនាំយកទៅសំចតនៅប៉ុស្តិ៍ រួចប្រគល់ឲ្យទៅជំនាញវាស់វែង ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
