ភ្នំពេញ៖ បុរសម្នាក់ដែលជាបុគ្គលិកធានាគារឯកជនរងរបួសធ្ងន់ខណ:កំពុងតែជិះម៉ូតូសុខៗត្រូវបានកន្ទុយរ៉ីម៉កសណ្តោងសម្រាប់ដឹកគ្រឿងចក្ររបូតចេញពីរថយន្តបែនដឹកដីបុកកៀបជាមួយនិងដើមមៀនដើមបណ្តាលឲ្យម្ចាស់ផ្ទះដែលកំពុងតែអង្គុយលក់គ្រឿងសំណង់ភ័យស្ទើរលួសព្រលិង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជនរងគ្រោះដែលជាបុគ្គលិកធនាគារឯកជនខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ព៍ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1JH-3402 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងម៉ាកNISSANចង្កូតស្តាំ ពណ៍កាប់ស្ទាំងពាក់ផ្លាកលេខចង្កូតស្តាំPP-0219សណ្តោងរ៉ីម៉កសម្រាប់ដឹកគ្រឿងចក្រពីខាងក្រោយបម្រុងទៅដឹកអាប៊ុលមួយគ្រឿងមកដាក់ក្នុងការដ្ឋានក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើងបានរបូតរ៉ីម៉កសណ្តោងនៅពីខាងក្រោយជ្រុលទៅបុកជនរងគ្រោះដែលកំពុងជិះម៉ូតូគៀបជាប់ជាមួយនិងដើមមៀនមួយដើមនៅមុខផ្ទះលក់គ្រឿងសំណង់បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ សំណាងណាស់កន្ទុយរ៉ីម៉កកល់ជាប់និងដើមមៀនទៅមុខលែងរួច។ចំណែកអ្នកបើកបរបើកទ្វាររថយន្តបម្រុងនិងឡើងរថយន្តមួយគ្រឿងទៀតដើម្បីជិះរត់គេចខ្លួនតែត្រូវបានកម្លាំងប្រជាការពារដែលនៅក្បែរទីតាំងកើតហេតុខាងលើក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិព្រែកថ្មី។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ព្រែកថ្មីសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌច្បារអំពៅចុះមកធ្វើការពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ ដោយខាងម្ចាស់ក្រុមហ៊ុនរថយន្តដឹកដីព្រមសងថ្លៃខូចខាតនិងព្យាបាលដល់ជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

Share.