នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។ គឺនៅក្នុងឱកាសនោះហើយដែលលោកឧត្តមសេនីយ៍ទោ វៀក សុភាព​ នាយកសាលានគរបាលជាតិភូមិភាគ៣ បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសាលានគរបាលមួយនេះ។

លោកឧត្តមសេនីយ៍ទោបានឱ្យដឹងថា ថ្មីៗនេះ តាមរយៈគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមដើម្បីឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាលានគរបាលជាតិភូមិភាគ៣នោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានសម្រេចកសាងអគារស្នាក់នៅកម្ពស់២ជាន់ ទទឹង១៣.៥០ម៉ែត្រ បណ្ដោយ៤៥ម៉ែត្រ រួមទាំងបំពាក់សម្ភារៈ កន្លែងងូតទឹក និងបន្ទប់សម្រាប់សិស្សនគរបាល គិតជាប្រាក់ជាង៥០ម៉ឺនដុល្លារ។

លោកបន្តថាជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តតាកែវ បានសម្រេចជួយថវិកា២០ម៉ឺនដុល្លារ លើតម្លៃសរុបចំនួន៤៥ម៉ឺនដុល្លារ ក្នុងការសាងសង់អគារសិក្សាកម្ពស់២ជាន់ ទទឹង១៣.៥០ បណ្ដោយ៤៥ម៉ឺត្រ រួមទាំងបំពាក់សម្ភារៈ ខណៈឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានសម្រេចជួយសាងសង់ផ្លូវបេតុងប្រវែង១៨៨០ម៉ែត្រ និងប្រព័ន្ធលូប្រវែង៥០០ម៉ែត្រ គិតជាទឹកប្រាក់ប្រហែល៨០ម៉ឺនដុល្លារ។

បន្ថែមលើនេះលោកនាយកសាលានគរបាលជាតិភូមិភាគ៣ បន្តថាឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានចូលរួមជួយសាងសង់ឡដុតសម្រាប់ខ្នាតមធ្យម ប្រើចន្តរអគ្គិសនីដើម្បីជួយរក្សាបរិស្ថានល្អ និងអនាម័យស្អាតផងដែរ ហើយថាប្រសិនសមិទ្ធផលនេះសម្រេចបាន១០០ភាគរយ បញ្ជាក់ថាសាលានគរបាលជាតិភូមិភាគ៣ បាននិងកំពុងអភិវឌ្ឍន៍សម្រេចបាន៦០ភាគរយធៀបនឹងស្តង់ដាគុណភាពអប្បមា និងប្លង់មេដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានកំណត។

សូមបញ្ជាក់ថាសាលានគរបាលជាតិភូមិភាគ៣ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្ត៦រួមមាន ខេត្តកំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពត​ កែប និងកោះកុង ដោយចាប់ពីពេលបង្កើតរហូតដល់ពេលនេះ សាលាបានបណ្ដុះបណ្ដាលកងកម្លាំងនគរបាលសរុបចំនួន៦​ ៦៣៧នាក់ ក្នុងនោះនារីជិត៥០០នាក់។

ដោយឡែកនៅឆ្នាំ២០២២នេះ សាលាបាននិងកំពុងបណ្ដុះបណ្ដាលសិស្សនគរបាលជំនាន់ទី១៥លើកទី២ចំនួន១៣៣នាក់ ក្នុងនោះមកពីស្នងការដ្ឋាននគរបាលខេត្តតាកែវ២០នាក់ និងខេត្តកោះកុង១១៣នាក់ ដែលបានប្រឡងជាប់ក្របខណ្ឌឆ្នាំ២០២។

លោកនាយកសាលានគរបាលជាតិភូមិភាគ៣ បានចាត់ទុកវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមនាឱកាសនេះ​ ជាសក្ខីភាពនៃការបង្ហាញ​ពី​ការយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេច ចំពោះអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ព្រមទាំងបានផ្ដល់កិត្តិយសដ៏ធំធេងជាមួយនឹងការផ្ដល់កម្លាំងចិត្តឱ្យខិតខំប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈកាន់តែខ្ពស់ក្នុងការបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យស្របតាមទស្សនៈ ដឹកនាំ កំណែទម្រង់ របស់សម្ដេច និងផែនការដែលបានកំណត់៕

Share.