ភ្នំពេញ ៖អតីតប្តីប្រពន្ធ១គូបានមានជម្លោះរហូតដល់វាយគ្នាខណៈកំពុងប្តឹងលែងលះ ប៉ុន្តែមិនទាន់មានសាលក្រម។ក្នុងនោះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់(ភាគីប្រពន្ធ)បញ្ជូនទៅតុលាការ នៅព្រឹក ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ ពាក់ពន្ធករណីប្រើអំពើហិង្សាព្រួតគ្នាវាយភាគីខាងប្តី ។

ជនសង្ស័យឈ្មោះ បូ រ៉ានី ភេទស្រីអាយុ៣៤ ឆ្នាំ មុខរបរ នៅ ផ្ទះ ស្នាក់នៅផ្ទះលេខ ១៣១A៨ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែក ប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបង្ហើបឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មាន ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ(ព្រួតគ្នាវាយទៅលើជនរងគ្រោះបណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ)ស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវជាតិលេខ ៦A ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បង្កដោយភាគីជនសង្ស័យមានគ្នា៥ នាក់ (ខាងប្រពន្ធ) ។ ក្រោយកើតហេតុភាគីខាង(ប្តី)ដែលរងរបួស បានទៅដាក់ពាក្យនៅ ប៉ូស្តិ៍នគរបាលរដ្ឋបាលដើម្បីឲ្យសមត្ថកិច្ចជួយចាត់ការលើសំណុំរឿងប្រើហិង្សានេះ ទើប សមត្តកិច្ចបានសុំការអនុញ្ញាតពីស្ថាប័នអយ្យការ ឃាត់ខ្លួនភាគីដែលថាជាជនបង្ក នាំទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

តាមពាក្យបណ្តឹងបានបញ្ជាក់ថា នៅថ្ងៃខែខាងលើភាគីដើមបណ្តឹង(ប្តី)និង ប្អូនស្រី រួមជាមួយមិត្តភក្តិប្អូនស្រីម្នាក់ទៀត បាននាំគ្នាទៅមើលផ្ទះដែលទិញបង់រំលោះនៅ បុរីអ័រគីដេ ព្រែកលៀប (ផ្ទះទិញរួមគ្នាជាមួយប្រពន្ធ) ក្នុងគោលបំណងលក់វិញ ។ លុះពេលទៅដល់ស្រាប់តែឈ្មោះ បូ រ៉ានី (ភាគីខាងប្រពន្ធ) និងបក្ខពួក៤ នាក់(ប្រុស២ នាក់) បានយកទូរស័ព្ទដៃ ថតឡាយភាគីខាងប្តីដែលកំពុងដើរមើលក្នុងផ្ទះនោះ បង្កឲ្យ កើត មានជម្លោះឈានដល់ភាគីខាងប្រពន្ធព្រួតគ្នាវាយទាត់ធាក់ទៅលើភាគីខាងប្តីទាំង៣ នាក់ ខ្លះ បែកក្បាល ខ្លះបែកចិញ្ចើម បែកគុម្ពត្រចៀក របួសកែងដៃ ជាំភ្លៅ និង ជ្រុះសក់ ទាំងដុំៗ រួចហើយក្រុមជនបង្កបាននាំគ្នាគេចខ្លួនបាត់អស់ ៕
អត្ថបទ៖ចតុមុខ
