ក្រោយឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីខែ មុន លោក Ferdinand Marcos Jr បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ១៧ របស់ហ្វីលីពីន នារសៀលថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មិថុនា នេះ បន្ទាប់ពីអតីតប្រធានាធិបតីហ្វីលីពីនទី១៦ គឺ លោក Rodrigo Duterte បញ្ចប់អាណត្តិនៅត្រឹមឆ្នាំ ២០២២ នេះ។
នេះជា ការវិលត្រឡប់មកវិញដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ត្រកូលផ្ដាច់ការដ៏ល្បីល្បាញបំផុតមួយរបស់អាស៊ី ក្នុងរយៈពេល ៣៦ឆ្នាំ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីប្រទេសយ៉ាងអាម៉ាស់។

កូនប្រុសរបស់អតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន Ferdinand Marcos បានយកឈ្នះ លោក Rodrigo Duterte ដែលល្បីល្បាញខាងសម្លាប់រង្គាល សម្រាប់សង្រ្គាមគ្រឿងញៀនដ៏សាហាវរបស់គាត់។ ប៉ុន្ដែទោះជាយ៉ាងណា កូនស្រីរបស់លោក Duterte នៅមានតួនាទីជាអនុប្រធានាធិបតី ក្ដោបសិទ្ធិអំណាចធំទី ២ របស់ប្រទេសហ្វីលីពីន។

ថ្លែងចំពោះមុខមនុស្សរាប់ពាន់នាក់នៅឯសារមន្ទីរជាតិ ក្នុងទីក្រុង ម៉ានីល (Manila) លោក Ferdinand Marcos Jr ដែលគេស្គាលថា BongBong Jr បានសន្យាបង្រួបបង្រួមប្រទេស ដោយសន្យាជំរុញការងារ និង ដោះស្រាយការឡើងថ្លៃទំនិញនានា ដើម្បីស្ដារសេដ្ឋកិច្ចឲ្យងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។
លោក BongBong Jr បានថ្លែងអំណរគុណចំពោះអ្នកគាំទ្ររូបលោក ដោយនិយាយថា «នេះគឺជាពេលវេលាប្រវត្តិសាស្រ្តសម្រាប់យើងទាំងអស់គ្នា តាមរយៈការបោះឆ្នោតរបស់អ្នក អ្នកបានបដិសេធនយោបាយបែងចែកអំណាច»៕

