ឧត្ដរមានជ័យ ៖ រថយន្តបែនដឹកដីមួយគ្រឿង ខណៈដែលបើកចុះពីលើភ្នំដងរែក ហ្វ្រាំងមិនជាប់បោលធ្លាក់ចេញពីផ្លូវ ក្រឡាប់ធ្លាក់ជ្រលងភ្នំ ជាច្រើនត្រឡប់ ស្លាប់អ្នកបើកបរ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលលេខ១៣១-១៣២ នៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជយ័ ។ជនរងគ្រោះស្លាប់ក្នុងឧបទ្ទវហេតុខាងលើមាន ឈ្មោះ យាន សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបបើកបររថយន្តដឹកដី រស់នៅភូមិបន្ទាយចាស់ ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ស្លាប់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើករថយន្តបែនដឹកដី ម៉ាកFUSO ពណ៌ផ្ទៃមេឃ លាយស ពាក់ស្លាកលេខ តាកែវ 3A-2669 ចុះពីលើភ្នំដងរែក ច្រកជាំស្រងាំ ហើយខណៈដែលកំពុងបើកចុះមកក្រោម ហ្វ្រាំងទប់មិនឈ្នះ បែជាបោលកាន់តែលឿន ទើបជ្រុលធ្លាក់ចេញពីផ្លូវ ក្រឡាប់ច្រើនត្រឡប់ចុះទៅជ្រលងភ្នំ បណ្តាលឲ្យកៀបស្លាប់អ្នកបើកបរ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ សហការយកសពជនរងគ្រោះចេញ និងរក្សានៅកន្លែងកើតហេតុ ដើម្បីរងចាំក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷ តាតុង សែនជ័យ

Share.