ស្ទឹងត្រែង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តធុនធំអូសសណ្តោងទ្រុងដឹកទំនិញ បើកបុករុឺម៉កម៉ូតូបត់ឆ្លងផ្លូវ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ជនរងគ្រោះស្លាប់នៅកន្លែង ឈ្មោះ យឹម សង្ហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្រាបៀរ មានទីលំនៅបច្ចុប្បន្ន ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

ចំណែកជនរងគ្រោះរបួសធ្ងន់ ឈ្មោះ ចាន់ សុភី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្រាបៀរ មានទីលំនៅជាមួយគ្នា ។តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបើកម៉ូតូសណ្ដោងរ៉ឺម៉ក ពណ៌ខៀវ គ្មានស្លាកលេខ បើកបរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេងទៅកើត ស្របពេលដែលរថយន្តធុនធំសណ្តោងទ្រុងដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1198 បើកពីត្បូងទៅជើងហ្វ្រាំងមិនទាន់ជ្រុលបុក បណ្តាលឲ្យដាច់ម៉ូតូជាពីរកំណាត់ ស្លាប់អ្នកបើកម៉ូតូ នៅកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ រីឯអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសពជនរងគ្រោះ សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិ៕

អត្ថបទ÷ តាតុង សែនជ័យ

Share.