ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកប្អូនជីដូនមួយម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាវិលមកពីស្រុក ជួបគ្រោះថ្នាក់ចរាចរ ទាក់ដៃចង្កូតគ្នាជាមួយម៉ូតូផ្សេងដួលស្របពេលដែល មានរថយន្តដឹកដី បើកបុកកិនបន្ថែម ជាប់អូសជាច្រើនម៉ែត្រ ឆេះម៉ូតូខ្ទេច សល់តែគ្រោងដែក ។
ហេតុការណ៍ខាងលើ កើតហេតុនៅវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវលេខ១១៤ ថៃហ្គ័រ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ណុប វៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅរោងចក្រ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅខាង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះម្នាក់ទៀតរបួសស្រាល មានឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ និងមានស្រុកកំណើតជាមួយគ្នា ត្រូវជាបងប្អូននឹងគ្នា ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-2090 រួមដំណើរជាមួយប្អូនប្រុស វិលមកពីស្រុកកំណើត តាមផ្លូវ១១៤ ពីត្បូងទៅជើង។លុះពេលមកដល់ចំណុចកើតហេតុទាក់ដៃចង្កូតជាមួយម៉ូតូផ្សេង ដួលហើយស្រាប់តែមានរថយន្តបែនដឹកដី បើកស្របទិសបុកកិនបន្ថែម បណ្តាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់ ម៉ូតូជាប់រថយន្តអូសច្រើនម៉ែត្រ ទើបរបូតឆេះខ្ទេចសល់តែគ្រោងដែក។ចំណែករថយន្តបង្កមិនស្គាល់ម៉ាកបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកសពជនរងគ្រោះនឹងឆ្អឺងដែកម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុងចុះវាស់វែងនិងស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកផ្ដន្ទាទោទៅតាមផ្លូវច្បាប់ ។ចំណែកសពក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
អត្ថបទ៖សាវី
