ភ្នំពេញ ៖ និស្សិតឆ្នាំទី២ម្នាក់ លាក់ទុកកាំបិតបុ័ងតោក្នុងកាបូប ទុកគ្រាន់ស្វាគមន៍គូទំនាស់ ត្រូវសមត្ថកិច្ចឃើញទាន់ឃាត់ខ្លួននាំទៅប៉ុស្តិ៍នគរបាល ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅហាងកាហ្វេមួយកន្លែង មុខវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ វាសនា សុក្រឹត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ មានទីលំនៅភូមិព្រៃថ្លឹកទី២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា ឃើញយុវជនម្នាក់មានលាក់កាំបិតបុ័ងតោក្នុងកាបូបស្ពាយ នៅអង្គុយហាងកាហ្វេ សង្ស័យទើបកម្លាំងចុះទៅសាកសួរត្រួតពិនិត្យ រកឃើញកាបិតបុ័ងតោ រួចនាំខ្លួនទៅប៉ុស្តិ៍នគរបាល ។

បើតាមសម្តីយុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅកន្លែងហាងកាហ្វេចំណុចខាងលើ កន្លងមកមានក្រុមក្មេងស្ទាវបក្ខផ្សេងតែងតែរករឿង ដេញវាយ កាប់ ពួកខ្លួន ទើបដាក់កាំបិតបុ័ងតោ លាក់ក្នុងកាបូប មិនទៅរៀនទេ សុខចិត្តមកអង្គុយរង់ចាំស្វាគមន៍គូទំនាស់វិញ ក៏ប៉ុន្តែក្រុមទាំងនោះ ក្រោយពីណាត់គ្នាហើយ តែមិនទាន់ឃើញមកដល់ផង ស្រាប់តែសមត្ថកិច្ចមកដល់មុន ឃាត់ខ្លួនតែម្តង ។
ជនសង្ស័យក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាន ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖តាតុង សែនជ័យ
