តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃ ព្រហស្បតិ៍ មុនកិច្ចប្រជុំរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) ក្នុងការរំពឹងទុកថានឹងផ្គត់ផ្គង់ប្រេងដល់ពិភពលោកសម្រាប់ខែ សីហា។
ប្រេងឆៅអន្តរជាតិ Brent កំពុងជួញដូរនៅតម្លៃ ១១២.២៣ដុល្លារ ក្នុង ១បារ៉ែល ពោលថយចុះ ០.២០% បន្ទាប់ពីប៉ុន្មានថ្ងៃមុន ដាក់លក់នៅតម្លៃ ១១២.៤៥ដុល្លារ ក្នុង ១បារ៉ែល។

ដោយឡែកតម្លៃប្រេងរបស់អាមេរិក West Texas Intermediate មានតម្លៃ ១០៩.៤៤ដុល្លារ ក្នុង ១បារ៉ែល ធ្លាក់ចុះ ០.៣១% បន្ទាប់ពីដាក់លក់នៅតម្លៃ ១០៩.៧៨ដុល្លារ ក្នុង ១បារ៉ែល។
ទោះជាយ៉ាងណាវិនិយោគិនកំពុងសម្លឹងមើលកិច្ចប្រជុំក្រុម OPEC+ ដែលនឹងប្រព្រឹត្តទៅនៅពេលក្រោយ ដើម្បីកំណត់ផលិតកម្មប្រេងសម្រាប់រដូវក្ដៅ ដោយព្រួយបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។
ទីផ្សារពិភពលោកកំពុងរង់ចាំការសម្រេចចិត្តបង្កើនការផ្គត់ផ្គង់ ដែលអាចធ្វើទៅបានពីអង្គការ OPEC ដើម្បីកាត់បន្ថយកង្វល់នៃការផ្គត់ផ្គង់ដ៏តឹងតែង។ លើសពីនេះ ការកើនឡើងភាពមិនប្រក្រតីនៃវិបត្តិសេដ្ឋកិច្ច និង ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បន្ដដាក់សម្ពាធលើតម្លៃប្រេង។

ទន្ទឹមនឹងនេះ ស្ដុកប្រេងឆៅពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានថយចុះចំនួន ២.៨លានបារ៉ែល មកនៅត្រឹម ៤១៥.៦លានបារ៉ែល កាលពីសប្ដាហ៍មុន បើធៀបនឹងការរំពឹងទុកទីផ្សារនៃការធ្លាក់ចុះ ១១០,០០០បារ៉ែល នេះបើយោងតាមការឲ្យដឹងពីរដ្ឋបាលព័ត៌មានថាមពល (EIA)។
សូមជម្រាបថា ផលលំបាកនៃការផ្គត់ផ្គង់ដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មនៅក្នុងប្រទេសរុស្ស៊ី ខ្យល់ព្យុះនៅសហរដ្ឋអាមេរិក និង ភាពចលាចលនយោបាយនៅក្នុងប្រទេសអេក្វាឌ័រ និង លីប៊ី ត្រូវបានគេមើលឃើញថា ជាកត្តាចម្បងចំពោះការកាត់បន្ថយការធ្លាក់ចុះនៃតម្លៃប្រេង៕

