នៅក្នុងឆ្នាំ២០២២នេះ សម្រាប់មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ក៏មានការចូលរួមចាក់បញ្ចាំងពីភាពយន្តឯកសារខ្លី ៨រឿងដែលស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផលិតដោយអង្គការអុកស្វាម ប្រចាំប្រទេសកម្ពុជា សហការជាមួយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។
គម្រោងនេះបានអនុវត្តរយៈពេលប្រមាណជាង១ឆ្នាំ បានផ្តួចផ្តើមឡើងតាមរយៈកិច្ចសហការរវាង មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង អង្គការអុកស្វាម ក្នុងការផលិត និងផ្សព្វផ្សាយនូវមាតិកាជាលក្ខណៈព័ត៌មាន អប់រំ និងផ្សព្វផ្សាយ (IEC) ដូចជាមាតិកាសោតទស្សន៍, វីដេអូ និងរូបថតស្ដីពីសកម្មភាពគម្រោង និងកូនសៀវភៅផ្ទាំងរូបភាព។

គម្រោងនេះមានគោលបំណង ក្នុងការផលិតវីដេអូខ្លី និងកម្រងរូបភាព របស់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើការតាមផ្ទះ អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត យុវជន ជនមានពិការភាព និងមនុស្សចាស់ បង្ហាញពីសំឡេងរបស់ពួកគេទៅដល់សាធារណជន ជាពិសេសទៅដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។ វីដេអូខ្លី និងកម្រងរូបភាពទាំងនេះ ឆ្លុះបញ្ចាំងអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើជីវិតរស់នៅរបស់ពួកគេ និងតម្រូវការគាំពារសង្គម ដើម្បីឲ្យស្ថានភាពជីវិតរបស់ពួកគេមានភាពប្រសើរជាងមុន។

លោកស្រី ស្រី សុខា បានប្រាប់អ្នកសារព័ត៌មានត្រយងថា កន្លងមកអង្គការអុកស្វាមបានធ្វើការងារច្រើនចំពោះកិច្ចគាំពារសង្គមដែលផ្ដោតទៅលើក្រុមដែលងាយរងគ្រោះ និងក្រុមដែលមានសំឡេងតិច។ ក្នុងនោះដែរ ក្រុមកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាក្រុមគោលធំរបស់អង្គការយើង ដែលយើងបានធ្វើការជាមួយពួកគាត់ ចង់ឱ្យពួកគាត់មានឱកាសចូលរួម មានសំឡេង ក្នុងការបង្ហាញអ្វីដែលជាតម្រូវការជាក់ស្ដែងរបស់ពួកគាត់។ ហើយជាពិសេស អុកស្វាម បានចូលរួមគាំទ្រ និងដោះស្រាយបញ្ហាផ្សេងជាមួយរាជរដ្ឋភិបាល ទៅលើគម្រោងផ្សេងៗជាច្រើនទៀតផងដែរ។

លោកស្រីបានបន្តទៀតថា មែនទែនទៅគឺយើងមានសកម្មភាពច្រើនក្នុងការធ្វើការលើគម្រោង ប៉ុន្តែការថតភាពយន្តឯកសារខ្លី គឺជាវិធីសាស្ត្រថ្មីមួយដែលបានផ្លាស់ប្ដូរពីរបៀបដែលយើងធ្វើការថតភាពយន្តដែលនិយាយពីជីវិតពិតរបស់ពួកគាត់ ដើម្បីបង្ហាញដល់សាធារណេជន។ បទពិសោធន៍កន្លងមកនេះ គឺយើងអាចបញ្ចៀបតែចំពោះក្រុមមនុស្សមួយក្រុមតូចទេ ប៉ុន្តែឥទ្ធិពលនៃខ្សែភាពយន្តឯកសារខ្លីគឺវាទូលំទូលាយជាង អាចរីកទៅដល់គោលដៅបានច្រើន ឬក៏សាធារណជនបានច្រើន។
ជាចុងក្រោយលោកស្រី ស្រី សុខា បានបញ្ជាក់ថា អង្គការអុកស្វាម នឹងបន្តសហការ និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា រួមទាំងស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកលើកម្ពស់ និងគាំទ្រដល់ក្រុមដែលងាយរងគ្រោះ និងក្រុមដែលមានសម្លេងភាគតិច ឱ្យពួកគេទទួលបាននូវកិច្ចគាំពារសង្គមដ៏ពេញលេញ ដោយផ្អែកលើគោលការណ៍សិទ្ធិ ពេញវដ្តជីវិត និងឆ្លើយតបក្នុងស្ថានភាពគ្រោះអាសន្ននានា។




