បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន អ្នកលេង Tik Tok ម្នាក់ ដែលយករូបភាពអ្នកស្លាប់នៅខេត្តកោះកុង កាលពី ពេលកន្លងទៅ មកបង្ហោះជាថ្មីហើយបំភ្លៃថា កម្ពុជាមានអ្នកទើបនឹងស្លាប់ដោយសារជំងឺកូវីដ-១៩ នោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាប់ខ្លួនជនទាំងឡាយ ដែលយក បញ្ហាកូវីដ១៩ មកបង្ហោះលេងសើច បំពុលបរិយាកាស តាមបណ្តាញសង្គម ដែលបានធ្វើឱ្យ សាធារណជនមានការភ័យខ្លាច។
ថ្លែងក្នុងពិធីលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាល នៅក្នុងអាងត្រពាំងថ្ម ក្នុងខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «នរណាក៏ដោយ ដែលយកបញ្ហាកូវីដ ជាបញ្ហាលេងសើច បំពុលបរិយាកាស នឹងត្រូវបានចាប់ខ្លួន…»។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អង្គការក្រៅរដ្ឋាភិបាល អង្គការសិទ្ធិមនុស្ស កុំឱ្យចាត់ទុកថា ករណីបង្ហោះបំភ្លៃបែបនេះ ជាសិទ្ធិបញ្ចេញមតិឱ្យសោះ ក៏ព្រោះតែការបង្ហោះព័ត៌មានក្លែងក្លាយនេះ បានធ្វើសាធារណជនមានការភិតភ័យ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ ហ៊ៅ អ៊ូខុង រស់នៅ ក្នុងភូមិ ជើងអង ឃុំកណ្ដោលជ្រុំស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជននេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមបណ្តឹងព្រះរាជអាជ្ញា អមសាលា ដំបូងរាជធានីភ្នំពេញ ហើយបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ៕
