ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីទុកឪកាសដល់អ្នកដែលមិនទាន់បានទៅសុំសិទ្ធបើកអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
អនុលោមតាមសេចក្តីជូនដំណឹង លេខ ០៥២៨ ព.ណ.ចបព ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្តីពីការពន្យារពេលការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ។ ប៉ុន្តែដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលប់ បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:00 នាទី។

ដូច្នេះ រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្តដែលរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
បើយោងតាមប្រសាសន៍ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់ប្រាប់បណ្តាញអ្នកសាព័ត៌មានក្នុងស្រុកនាពេលថ្មីៗនេះថា៖ «ការធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញ ដោយគ្មានការអនុញ្ញាត គឺជាសកម្មភាពខុសច្បាប់ ដោយត្រូវពិន័យជាទឹកប្រាក់ ១០លានរៀល។ ប៉ុន្តែ ក្នុងករណីធ្ងន់ធ្ង រអាចនឹងជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។ ក្នុងករណីមិនរាងចាល គឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាថវិកា ២លានរៀល ទៅ ៦លានរៀល»៕

អត្ថបទ៖ ភ្នាក់ងារភ្នំពេញ

