កញ្ញា ឆន​ ​ស្រីណេត ជាអតីតបវរកញ្ញាឯកចក្រវាលជ័យលាភីរងទី១ដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម នៅពេលថ្មីៗនេះបានចេញមកប្រកាសអំពីគម្រោងថ្មីមួយ ដែលជាការប្រមូលវៃអង្គាសថវិការជួយដល់គ្រួសារក្រីក្រចំនួន ២២០គ្រួសារ នៅស្រុកកំណើតរបស់កញ្ញា។ កញ្ញាបានអះអាងថា គម្រោងនេះគឺជារៀបចំកម្មវិធី « សប្បុរសធម៌ »​សុទ្ធសាធ និងក៏ជាឱកាសបានទស្សនាកម្សាន្តនៅទីដីស្រុកកំណើតរបស់កញ្ញាផងដែរ។

កញ្ញា ឆន​ ​ស្រីណេត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់នាងទាំងស្រុងថា ៖ «ក្នុងឱកាសនាងខ្ញុំចុះទៅលេងស្រុកកំណើតនាងខ្ញុំនៅព្រះត្រពាំងកម្ពុជាក្រោម នាងខ្ញុំមានគម្រោងរៀបចំកម្មវិធី « សប្បុរសធម៌ » ដើម្បីវៃអង្គាសថវិការជួយដល់220 គ្រួសារខ្មែរយើងដែលកំពុងខ្វះស្បៀងអាហារនៅតំបន់ដាច់ស្រយាលមួយចំនួននៅ ព្រះត្រពាំង កម្ពុជាក្រោម ។ នាងខ្ញុំជឿថា ស្បៀងអាហារដែលយើងជំនួយអាចជួយសម្រួលពុកម៉ែបងប្អូនដែលខ្វះខាតបានមួយគ្រា។ នាងខ្ញុំនឹងសង្ឃឹមថាបងប្អូននឹងចូលរួមចែករំលែកក្តីស្រលាញ់ជាមួយនាងខ្ញុំ ទៅកាន់ពុកម៉ែបងប្អូនខ្មែរក្រោមយើងដែលកំពុងជួបការលំបាក។ នាងខ្ញុំបានបង្កើត ABA សម្រប់ការវៃអង្គាសថវិការនេះ ។ គណនី ABA : 004161615 CHHON SREYNET »។

ក្រោយការបង្ហោះពីគម្រោងមួយនេះ គេសង្កេតឃើញមានមហាជនជាច្រើននាក់បានចាប់អារម្មណ៍ និងបានបាញ់ថវិការបរិច្ចាគមួយចំនួនទៅកាន់គណនីផ្ទាល់របស់ ស្រីណេត ផងដែរ។ ស្រីណេតបានលើកឡើងទៀតថា នាងពិតជាសូមអរគុណទឹកចិត្តដ៏ជ្រះថ្លារបស់បងៗសប្បុរសជនទាំងអស់ ដែលបានចូលរួមចែករំលែកក្តីស្រលាញ់ទៅដល់បងប្អូនខ្មែរក្រោម និងនាងសូមជូនពរឱ្យសប្បុរសជនទាំងអស់សុខភាពល្អ និងសំណាងល្អ។

ដោយឡែក កញ្ញា ឆន​ ​ស្រីណេត នៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេថា គម្រោង« សប្បុរសធម៌ »ជួយគ្រួសារក្រីក្រចំនួន ២២០គ្រួសារនៅស្រុកកំណើតនាងនេះ នឹងបិទបញ្ចប់នៅថ្ងៃកំណត់ណាមួយនោះទេ។ សម្រាប់សប្បុរជនទាំងអស់ដែលមានទឹកចិត្តចង់បរិច្ចាគអាចចូលរួមជាមួយកញ្ញាបានពីឥឡូវនេះតទៅ៕

Share.