ធនាគារពិភពលោក (WB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងទទួលបានកំណើន ៤.៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាព ស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោក ក្នុងខែមិថុនានេះ បង្ហាញថា ការឡើងថ្លៃ ឥតស្រាកស្រាន្ត នៃប្រេងឥន្ធនៈ និងស្បៀងអាហារ នៅលើទីផ្សារពិភពលោក កំពុងរុញ អតិផរណា ឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធ ត្រូវបានរំពឹងទុកថា នឹងកើនដល់៦.៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ ត្រូវបន្តធ្វើ ការចំណាយ ទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែង ថា យុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ-១៩» បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ច មានដំណើរការ ឈានទៅស្តារ ស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀត នៅស្រពេចស្រពិលនៅឡើយ។
លោកស្រីថា «ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោក ដោយសារតែសង្គ្រាម នៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាក ថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឲ្យ ការកាត់បន្ថយភាពក្រីក្រ ថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លង មកមានសារៈសំខាន់ណាស់ ក្នុងការជួយគ្រួសារក្រីក្រ ក្នុងការឆ្លងកាត់ការលំបាក ក្នុងពេលមានជំងឺ រាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត»។
របាយការណ៍ដដែល បង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃ ទឹកប្រាក់ ៤.៨ប៊ីលានដុល្លារអាមេរិក គឺកើន២៦ភាគរយ ធៀបទៅនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិងស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជាផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្ត ជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញ ទៅសហរដ្ឋអាមរិក ក៏កំពុងតែស្ទុះឡើងវិញដែរ៕


