ក្រុងព្រះសីហនុ ៖  អភិបាលខេត្តព្រះសីហនុបានលើកឡើងថា គ្រប់អាវុធកែច្នៃដូចជា អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈឺ និងដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបាន ត្រូវចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ផងដែរថា អាវុធប្រើខ្យល់ ប្រើហ្គាសគេអាចយកទៅច្នៃប្រើជាគ្រាប់ពិតបាន ដែលអាចបង្ករជារបួសស្នាម ឬសម្លាប់មនុស្សតាមដែលគេយកទៅបង្ក ចាត់ទុកថាជាអំពើខុសច្បាប់ នឹងមិនលើកលែងចំពោះជនណាដែលមានរក្សាទុកអាវុធដែលមានខាងលើនេះ គឺត្រូវផ្តន់ទាទោសទៅតាមច្បាប់។ នេះបើយោងតាមផេករដ្ខបាលខេត្តព្រះសីហនុ។

ការថ្លែងបែបនេះ នាពេលដែល ឯកឧត្តម អញ្ជើញចូលរួម ក្នុងការរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលនៅក្នុងកិច្ចប្រជុំនោះ បានផ្តោតទៅលើវិធានការ៤ចំនុច ៖ ទី១-ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ទី២-ការទប់ស្កាត់ និងចាត់វិធានការនូវការប្រើប្រាស់រថយន្តចង្កូតស្តាំ។ ទី៣-ការទប់ស្កាត់ និងចាត់វិធានប្រឆាំងការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិច។ ទី៤-ការទប់ស្កាត់ វិធានការលើការចោរលួចខ្សែរភ្លើង។ ដែលជាប្រធានបទសំខាន់ដែលឯកឧត្តមអភិបាល ជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមដោះស្រាយរួមគ្នាជាចាំបាច់។

ឯកឧត្តម ក៏បានស្នើសុំឱ្យកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់បន្តខិតខំប្រឹងប្រែងទប់ស្កាត់បន្តទៀត និងដាក់វិធានការស្រាវជ្រាវបន្ថែមលើការងារនេះឱ្យកាន់តែតឹងរឹង ធ្វើយ៉ាងណា ការពារ ថែរក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យអស់ពីលទ្ធភាពតាមតែអាចធ្វើទៅបាន។

ជាចុងក្រោយឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានថ្លែងការកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់ ដែលបានសហការគ្នា សស្រាក់សស្រាំ ហ្មត់ចត់ និងការចុះបង្ក្រាបនានាបានយ៉ាងល្អប្រសើរ ជាពិសេសការបង្ក្រាបការគ្រប់គ្រង ប្រើប្រាស់ ដឹកជញ្ជូន និងស្តុកទុកអាវុធខុសច្បាប់៕

ត្ថបទ៖ ភ្នាក់ងារភ្នំពេញ

Share.