ភ្នំពេញ ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចឃុំខ្លួនជំនួយការ ផ្ទាល់ឧកញ៉ាម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទរំលោភ លើទំនុកចិត្ត ដោយអភិបាល ឬបុគ្គលផ្សេងទៀត តាមមាត្រា៣៩៣ នៃក្រមព្រហ្មទណ្ឌ លើទឹកប្រាក់ប្រមាណជាង២១ ម៉ឺនដុល្លារ។
ជនត្រូវចោទឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ ស្លក្រាមក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២១ ដើមបណ្តឹងបានបើកក្រុមហ៊ុនមួយ ដោយតម្រូវឲ្យឈ្មោះ យឹង សារ៉ាត់ ដែលជាជំនួយការឧកញ៉ា ប្រកាសជ្រើសរើសបុគ្គលិក ជាច្រើននាក់ ដើម្បីឲ្យចូលបម្រើការងារ តាមផ្នែក តាមជំនាញ ដែលក្រុមហ៊ុនត្រូវការ ។ បន្ទាប់មកឈ្មោះ យឹង សារ៉ាត ក៏បានជ្រើសសបុគ្គលិកបានមួយចំនួនឲ្យចូលធ្វើការងារ ពិតប្រាកដ និង បើកប្រាក់ខែតាមការកំណត់ ។ ប៉ុន្តែក្រោយមកក្រុមហ៊ុនបានរកឃើញ ការដឹកនាំ និងការគ្រប់គ្រង ចាត់ចែង លើបុគ្គលិករបស់ ឈ្មោះ យឹង សារ៉ាត់ មានភាព រញ៉េរញ៉ៃ ធ្វើរបាយការណ៍មិនត្រឹមត្រូវ ភូតកុហកក្រុមហ៊ុន ពិសេសមានបុគ្គលិក (ខ្មោច) ដូចជាតៃកុឡាន ព្រូឡាន ឈ្មោះខ្លះឈប់ ខ្លះមិនចូលធ្វើការ នៅតែ បើកប្រាក់ខែពីក្រុមហ៊ុន ដោយក្រុមហ៊ុនត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងមួយខែៗ ឲ្យទៅឈ្មោះ យឹង សារ៉ាត់ សម្រាប់បើកឲ្យបុគ្គលិកនោះ ។

ទីបំផុតនៅពេលគណនេយ្យក្រុមហ៊ុនបិទបញ្ជីចំណូលចំណាយប្រចាំខែ ដើម្បីរាយការជូន ឧកញ៉ាម្ចាស់ក្រុមហ៊ុន ទើបដឹងពីការ បាត់បង់ថវិកា។ លុះពេលស្រាវជ្រាវទៅក៏ធ្លាក់ លើ ជំនួយការឧកញ៉ា ជាអ្នកកិបកេង និង ធ្វើឲ្យបាត់បង់ប្រាក់ តាមរូបភាពជ្រើសរើស បុគ្គលិក (ខ្មោច)៕
អត្ថបទ៖ចតុមុខ
