ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញនៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ បានសម្រេច ចេញដីកាឃុំខ្លួនប្រុសស្រី៣នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការ ចោទ ប្រកាន់ពីបទ ក្លែងឯកសារសាធារណៈ.ប្រើប្រាស់ឯកសារក្លែង (ក្លែងអត្តសញ្ញាណ បុគ្គលលើអត្តសញ្ញាណប័ណ្ណ) ឆបោក ប្រព្រឹត្តនៅធនាគារក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ។
ជនត្រូវចោទមាន១.ឈ្មោះ សង វ៉ាន់ដេត ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៦A ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ជុំ ឆេងលី ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ៣.ឈ្មោះ អុល មិថុនា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ទួល ឃុំដើម ឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សូមបញ្ជាក់ថាជនទាំង៣ នាក់ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងទី២៦ខែមិថុនាឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់មេធាវីម្នាក់ ពាក់ពន្ធករណី.ក្លែងឯកសារសាធារណៈ ក្រោមរូបភាពយកទៅឆបោកប្រាក់ពីធនាគារ ឯកជនមួយប្រមាណ ៣៥០០០ ដុល្លារ ។
យោងតាមអង្គហេតុនៃពាក្យបណ្តឹងបានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យទាំង៣ នាក់តាមរយៈប្រើប្រាស់អត្តសញ្ញាណក្លែង ក្លែងឯកសាធារណៈ ក្លែងអត្តសញ្ញាណបុគ្គលលើអត្តសញ្ញាណប័ណ្ណថា ខ្លួនជាម្ចាស់កម្មសិទ្ធិដីធ្លី និង ជាមនុស្សនៅ ក្នុងអត្តសញ្ញាណប័ណ្ណខាងលើពិតប្រាកដ ដែលធ្វើឲ្យធនាគារឯកជន១សាខាបឹងកេងកង ជឿទុកចិត្ត ប្រគល់ប្រាក់ឲ្យចំនួន ១៥០០០ ដុល្លារ ។ លុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យទាំង៣ នាក់ដដែល បានប្រើប្រាស់អត្តសញ្ញាណក្លែង ទៅឆបោកធនាគារ ឯកជនសាខាខណ្ឌដូនពេញ ដកយកប្រាក់ប្រមាណ២០ ០០០ ដុល្លារអាមេរិក ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យទាំង៣ នាក់ បានប្រើប្រាស់អត្តសញ្ញាណក្លែង ក្លែងឯកសាធារណៈ ប្រើប្រាស់ ឯកសារសាធារណៈក្លែង និងក្លែងអត្ត សញ្ញាណបុគ្គលលើអត្តសញ្ញាណប័ណ្ណថាខ្លួន ជាម្ចាស់កម្មសិទ្ធិដី បានទៅដាក់សំណើសុំខ្ចីប្រាក់ចំនួន ៩០ ០០០ ដុល្លារអាមេរិក ពីធនាគារឯកជនសាខាខណ្ឌពោធិ៍សែនជ័យ ម្តងទៀត ប៉ុន្តែលើកនេះពួកគេក៏ត្រូវអស់ល័ក្ខ ដោយខាងធនាគារបានប្រើប្រាស់សិទ្ធិពឹងពាក់មេធាវីការពារក្តី ប្តឹងសមត្តកិច្ចកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ឲ្យចាប់ខ្លួនបុគ្គលទាំង៣ នាក់ចាត់ការតាមផ្លូវច្បាប់ ៕

