ភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿង ជិះគ្នា២នាក់ប្តីប្រពន្ធ បើកលឿនលឿន ងោកមួយភាំងរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ប្តីស្រវេស្រវាចេញរួច ជាប់ប្រពន្ធក្នុងរថយន្តលង់លិចបាត់ អស់រយៈពេលជាងមួយម៉ោង ផ្អើលប្រជាពលរដ្ឋសមត្ថកិច្ច ជួយចុះចងខ្សែអូសរថយន្តឡើងគោក ប្រពន្ធឈ្លក់ទឹកស្លាប់បាត់ កាលពីរំលងអធ្រាត្រចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវហ្គេនភ្នំពេញ ឬក៏ហៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះស្លាប់ក្នុងហេតុការណ៍មានឈ្មោះ កង ភក្តី អាយុ៤១ឆ្នាំ រស់នៅផ្ទះE2 ផ្លូវE ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកឯប្ដីមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ
គេឃើញរថយន្តរ៉ូម៉ាកកូឡា ពណ៌ស្ករ ពាក់ស្លាក លេខ បាត់ដំបង2A-2068 ជិះគ្នា២នាក់ប្តីប្រពន្ធ បើកតាមបណ្ដោយផ្លូវហ្គេនភ្នំពេញឬក៏ហៅផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរស្រវឹងស្រា និងងងុយដេក បើកងោក ទើបរេចង្កូតទៅខាងស្តាំ ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ។ ភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចយាមប្រចាំការនៅក្បែរនោះឃើញ ស្រែកឆោឡោហៅពលរដ្ឋក្បែរខាងឲ្យជួយ ហើយឃើញបុរសជាប្តីស្រវេស្រវាចេញ នាំគ្នាជួយចាប់ទាញដៃឡើងគោកផុត រីឯប្រពន្ធ ជាប់ក្នុងរថយន្តលង់លិចក្នុងទឹកបាត់ ។

ក្រោយពីរថយន្តលិចក្នុងទឹកស្អុយបាត់ ផ្អើលពលរដ្ឋ សមត្ថកិច្ច ទៅជួយអស់រយៈពេលជាង១ម៉ោង នាំគ្នាមុជចុះចងខ្សែអូសរថយន្តឡើងគោក ស្រ្តីជាប្រពន្ធបានស្លាប់ក្នុងរថយន្តនោះបាត់ទៅហើយ ។

តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា មុនកើតហេតុ២នាក់ប្តីប្រពន្ធទើបចេញពីផឹកសុី ខារ៉ាអូខេ លុះបើករថយន្តវិលទៅផ្ទះវិញ តាមបណ្តោយផ្លូវចំណុចខាងលើ ម្យ៉ាងស្រវឹង ម្យ៉ាងងងុយដេក បើករថយន្តរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.