ភ្នំពេញ ៖ រថយន្តចំនួន២៣គ្រឿង អត់ពន្ធ ជ្រកក្រោមស្លាកលេខ ផ្សេងៗគ្នា ត្រូវបានសមត្ថកិច្ច គយ ចាប់ឃាត់បាន ក្នុងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។


សមត្ថកិច្ចបានឲ្យដឹងថា ក្នុងយុទ្ធនាការប្រមូលពន្ធ
លើរថយន្តអត់ពន្ធ ដែលជ្រកក្រោមស្លាកលេខផ្សេងៗ ទាំងចង្កូត និងចង្កូតឆ្វេង ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ទទួលបានចំណូលជាង៧៦លានដុល្លារអាមេរិក ពីរថយន្តចូលបង់ពន្ធសរុប ៩៧០៧គ្រឿង ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន២៧០៨គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង ។

សមត្ថកិច្ច គយ បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រមូលពន្ធ ពីរថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងឈប់ទទួលការមកបង់ពន្ធ និងប្រាក់កក់ទៀតហើយ និងមិនមានការពន្យារពេលទៀតនោះទេ ហើយចាប់ពីខែកក្កដានេះទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើការការបង្រ្កាបឱ្យបានតឹងរ៉ឹង និងម៉ត់ហ្មត់បំផុត ជាមួយនឹងការផាកពិន័យផងដែរ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.