ថ្មីៗនេះស្ដេចចម្រៀង R&B ល្បីឈ្មោះម្នាក់គឺ លោក R. Kelly ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៣០ ឆ្នាំ បន្ទាប់ពីចោទពីបទជួញដូរផ្លូវភេទអស់រយៈពេលជាច្រើនឆ្នាំ និងរំលោភបំពានផ្លូវភេទលើជនរងគ្រោះ។ តារាចម្រៀងប្រុសរូបនេះមានវ័យ ៥៥ ឆ្នាំ ត្រូវរដ្ឋអាជ្ញាបានស្នើឱ្យចៅក្រមកាត់ទោសលោកលើសពី ២៥ ឆ្នាំ ឬអស់មួយជីវិត ក៏ប៉ុន្តែមេធាវីការពារក្ដីបានស្នើឱ្យមានការបន្ធូរបន្ថយទោសរយៈពេល ១០ឆ្នាំ។

គណៈវិនិច្ឆ័យបានកាត់ទោស លោក R. Kelly កាលពីខែកញ្ញាឆ្នាំមុនមកម្ល៉េះ លើការចោទប្រកាន់ចំនួន 9 រួមទាំងការចោទប្រកាន់មួយពីបទរំលោភបំពានច្បាប់ Mann Act ដែលជាច្បាប់ជួញដូរផ្លូវភេទ។ រដ្ឋអាជ្ញាមកពីទីក្រុងញូវយ៉ក បានចោទប្រកាន់ Kelly ថា ស្ដេចចម្រៀង R&B ដ៏អាម៉ាសនេះបានជ្រកក្រោមឈ្មោះជាតារាចម្រៀងល្បីដ៏មានឥទ្ធិពល បានបង្កើតបណ្ដាញក្រុមមនុស្សជួញដូរផ្លូវភេទ និងប្រើឥទ្ធិពលរបស់ខ្លួន រំលោភបំពានលើជនរងគ្រោះ ដែលមានគោលដៅលើក្មេងស្រីៗ ក្មេងប្រុស និងនារីវ័យជំទង់ ដើម្បីជួញដូរផ្លូវភេទរបស់ពួកគេ។

ការកាត់ទោសតារាចម្រៀងល្បីរូបនេះ បានធ្វើឡើងនៅតុលាការទីក្រុង Brooklyn សហរដ្ឋអាមេរិក ហើយក្នុងនោះដែរ តុលាការបានរកឃើញរឿងរៀបចំអាពាពិហ៍ពិពាហ៍ក្លែងក្លាយរបស់តារាចម្រៀង R&B ដ៏កាចសាហាវនេះ ជាមួយតារាចម្រៀង ស្រី Aaliyah ដែលនៅពេលនោះនាងទើបតែមានអាយុ ១៥ ឆ្នាំ ហើយនាងក៏ជាមនុស្សស្រីជំទង់ម្នាក់ដែលរងគ្រោះ និងបំពានផ្លូវភេទរហូតដល់មានកូនក្នុងផ្ទៃ ក្រោមស្នាដៃបុរសនេះ។

ដោយឡែកក្រោយកាត់ទោស តារាចម្រៀង R&B R. Kelly ត្រូវបានប៉ូលលីសបញ្ជូនខ្លួនទៅពន្ធនាគារទីក្រុង Chicago វិញ រង់ចាំការកាត់ទោសមួយផ្សេងទៀតនៅក្នុងខែសីហា ខាងមុខនេះ ពីបទចោទប្រកាន់លើ រូបអាសអាភាស និងការបំពានលើផ្លូវភេទកុមារ ។

Robert Sylvester Kelly កើតថ្ងៃទី 8 ខែមករា ឆ្នាំ 1967 គឺជាតារាចម្រៀងជនជាតិអាមេរិក អ្នកនិពន្ធបទចម្រៀង ផលិតករ និងជាជនល្មើសផ្លូវភេទ ។ នៅក្នុងវិស័យចម្រៀង R&B និង hip hop លោកដោយ​ទទួល​បាន​រហស្សនាម​ជា “the King of R&B ” ជាបុរសដែលមានឥទ្ធិពលម្នាក់ក្នុងវិស័យសិល្បៈអាមេរិក។

ប្រភព៖ CNN

Share.