រដ្ឋមន្រ្តីថាមពលស្រីលង្កាបាននិយាយកាលពីថ្ងៃ អាទិត្យ ថា ប្រទេសស្រីលង្កានៅសល់ប្រេងឥន្ទនៈតិចជាងមួយថ្ងៃ ដោយសារការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក នៅពេលដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែឈានដល់ដំណាក់កាលកាន់តែអាក្រក់ទៅៗ។
រដ្ឋមន្រ្តីថាមពល លោក Kanchana Wijesekera បាននិយាយថា ទុនបម្រុងឧស្ម័ននៅក្នុងប្រទេសមានប្រហែល ៤,០០០តោនប៉ុណ្ណោះ គឺទាបជាងការប្រើប្រាស់ក្នុង ១ថ្ងៃ ទៅទៀត។

លោក Wijesekera បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង កូឡុំបូថា «ការដឹកជញ្ជូនប្រេងបន្ទាប់ត្រូវបានរំពឹងទុកនៅចន្លោះថ្ងៃទី ២២ និង ថ្ងៃទី ២៣ ខែ (កក្កដា)»។ លោកថា «យើងបានទាក់ទងអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្ដែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណាមួយ មុនថ្ងៃទី ២២ បានទេ»។

សូមរំលឹកថា កាលពីសប្ដាហ៍មុន ប្រទេសនេះ បានប្រកាសផ្អាកលក់ប្រេងឥន្ទនៈដោយសេវាកម្មណាមិនចាំបាច់ ដោយលើកលែងតែសេវាកម្ម ឬ វិស័យ សំខាន់ៗមួយចំនួនប៉ុណ្ណោះដែលមានសិទ្ធិទិញប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់បាន។ ស្រីលង្កាធ្វើបែបនេះ គឺ ដើម្បីជួយសន្សំប្រេងសាំង និង ម៉ាស៊ូតសម្រាប់គ្រាអាសន្នដែលប្រទេសនេះកំពុងតែជួបប្រទះ។
បច្ចុប្បន្នស្រីលង្កាកំពុងតែពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ថវិកាសង្រ្គោះដែលអាចធ្វើទៅបាន បន្ទាប់ពីប្រទេសនេះបានសងបំណុលខាងក្រៅចំនួន ៥១ពាន់លានដុល្លារ កាលពីខែ មេសា រួចរាល់៕

