ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ ខណៈដែលកំពុងអង្គុយដាំបាយនៅក្រោមផ្ទះ ស្រាប់តែកូនប្រុសជាមនុស្សញៀនថ្នាំ លីញញួរដើរទៅវាយពីក្រោយ បណ្តាលឲ្យផុងលលាដ៍ ដេកដួលស្លាប់ភ្លាមៗនៅកន្លែង បង្កឲ្យភ្ញាក់ផ្អើល ឆោឡោ អ្នកស្រុក សមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនកូនប្រុសញៀនថ្នាំបានភ្លាមៗ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិព្នៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។

ជនរងគ្រោះជាម្តាយ ឈ្មោះ ហែម បូរី ហៅ ហែម ខេមរុី អាយុ៥៤ឆ្នាំ មុខរបរ កសិករ មានប្តីឈ្មោះ មីន ម៉ាង អាយុ៥៦ឆ្នាំ មុខរបរ កសិករ មានកូនចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ចំណែកកូនប្រុសញៀនថ្នាំ ជាកូនពៅ មានឈ្មោះ មីន រ៉ាដូ ហៅ អូ អាយុ២១ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន រហូតដល់បែកវង្វេងបាត់ស្មារតី ។ គ្រួសារខាងលើ មានទីលំនៅ ក្នុងភូមិ ឃុំកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនកើតហេតុ នៅផ្ទះមានតែ២នាក់ទេ ម្តាយជាជនរងគ្រោះ និងកូនប្រុសញៀនថ្នាំ ចំណែកប្តី ជាប់រវល់ទៅវាលស្រែ រីឯកូនស្រីជាប់របស់ទៅផ្សារ ។ ប្រភពបន្តទៀតថា ខណៈដែលម្តាយកំពុងអង្គុយដុតភ្លើងដាំបាយ ខាងក្រោមផ្ទះ ស្រាប់តែកូនប្រុស ងើបពីអង្រឹង លីញញួរទម្ងន់៥គីឡូក្រាម ដើរទៅវាយម្តាយពីក្រោយ បណ្តាលឲ្យផុងលលាដ៍ ដេកដួលស្លាប់ភ្លាមៗនៅកន្លែង ហើយកូនប្រុសជាជនដៃដល់ ក្រោយពីវាយសំពងម្តាយហើយ ដើរទៅដេកអង្រឹង យោលធ្វើរំភើយ ដូចជាគ្មានរឿងអ្វីកើតឡើង រហូតដល់កូនស្រីរបស់ជនរងគ្រោះវិលត្រឡប់មកពីផ្សារវិញ ឃើញម្តាយដេកដួលនៅក្បែរចង្ក្រាន សាកសួរទៅប្អូនប្រុសដែរ តែដោយសារឥទ្ធិពលនៃគ្រឿងញៀន វង្វេងស្មារតី គិតតែពីសើច ចង្អុល (មើលវាងាប់) កូនស្រីស្រឡាំងកាំង ស្រែកផ្អើលអ្នកភូមិ ទោះជាចង់ជួយយ៉ាងណាក្តី ស្ត្រីរងគ្រោះផុងលលាដ៍បែក ស្លាប់បាត់ទៅហើយ ។

ករណីខាងលើ ក្រោយពីផ្អើលអ្នកភូមិ កម្លាំងសមត្ថកិច្ចចុះទៅឃាត់កូនប្រុសញៀនថ្នាំបានភ្លាមៗ រួចនាំទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ រីឯសពស្ត្រីរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.