ភ្នំពេញ៖ បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា ដំបូងឱ្យគេឃើញបុរសពីរនាក់ ជិះម៉ូតូស្កុបពីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-2241 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កែងជាមួយផ្លូវលេខ 135 ក៏មានបុរសម្នាក់បើករថយន្ត prius ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BC-2373 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា បត់ស្ដាំមិនប្រយ័ត្ន ជ្រុលចង្កូតមកបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យម៉ូតូហោះភ្លោងឡើងលើ ជាប់លើដំបូលរថយន្តផ្នែកខាងមុខ រងការខូចខាត ដោយបែកបាក់ស្ទើរតែទាំងស្រុង ឯរថយន្តរងការខូចខាតមួយកំណាត់ផ្នែកខាងមុខ ឯមនុស្សដែលជិះលើម៉ូតូធ្លាក់មមកដីរ៉ាយបាយពេញផ្លូវ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយបាន ក៏បានបាត់បង់អាយុជីវិត ម្នាក់។អត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានសមត្ថកិច្ចស្គាល់នោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 11:10 នាទី យប់ថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2022 តាមបណ្ដោយផ្លូវម៉ៅសេទុងកែងជាមួយផ្លូវលេខ 135 ក្នុងសង្កាត់ ទួលទំពូង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីការកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការត្រួតពិនិត្យ រួចក៏បានរាយការណ៍បន្ត ទៅកាន់សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ។

ភ្លាមៗសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចរថយន្តនិងម៉ូតូយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចរក្សាទុកនៅឯមន្ទីរពេទ្យ រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

Share.