តាមការចេញផ្សាររបស់សារព័ត៌មាន Los Angeles Times បានឱ្យដឹងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ នេះថា តុលាការបានចោទប្រកាន់ផលិតករភាពយន្តល្បីឈ្មោះម្នាក់គឺ David Pearce និងតារាសម្តែងប្រុស Brandt Osborn ពីបទឃាតកម្មលើតារាម៉ូឌែលស្រី Christy Giles និងតារាសម្ដែង Hilda Marcela Cabrales-Arzola រួចយកសពទៅប្លុងចោលនៅមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

ប៉ូលីសនៅទីក្រុង Los Angeles ធ្លាប់ចេញសេចក្ដីប្រកាសការចាប់ខ្លួនលោក David Pearce ដែលមានវ័យ ៤០ឆ្នាំ និងតារាសម្ដែងប្រុស Brandt Osborn មានវ័យ ៤២ ឆ្នាំ នៅអំឡុងខែធ្នូ ឆ្នាំ២០២១។ ផលិតករភាពយន្តល្បីរូបនេះ ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទមនុស្សឃាត ខណៈដែលតារាប្រុស Osborn និងជនសង្ស័យម្នាក់ទៀតគឺ Michael Ansbach ក៏ត្រូវចាប់ខ្លួនដោយសង្ស័យថា ជាអ្នករួមគំនិតក្នុងការសម្លាប់តារាស្រីទាំងពីរខាងលើនេះ។ តែយ៉ាងណាមិញ តុលាការបានដោះលែងជនសង្ស័យ Ansbach វិញ។

ក្នុងរឿងនេះ Los Angeles Times បានចេញការផ្សាយឱ្យដឹងបន្ថែមទៀតថា David Pearce ដែលជាផលិតករល្មោភតណ្ហានោះត្រូវតុលាការសម្រេចឱ្យជាប់ពន្ធនាគារលើសពី២៥ឆ្នាំ ដោយចោទប្រកាន់ពាក់ព័ន្ធពីបទរំលោភផ្លូវភេទ និងបំពានលើតារាស្រី ៤នាក់ផ្សេងទៀតនៅចន្លោះឆ្នាំ 2010 និង 2020។

បើតាមលិទ្ធផលកោសល្យវិច័យរកឃើញថា តារាម៉ូឌែលស្រី Christy Giles មានវ័យ ២៤ឆ្នាំ និងតារាស្រី Hilda Marcela មានវ័យ២៦ឆ្នាំ ស្លាប់ដោយមានស្រវឹងថ្នាំដែលមានសារធាតុផ្សំពី កូកាអ៊ីន, fentanyl, ketamine។ ដោយឡែក David Pearce បានទទួលសារភាពថា លោកបានសម្លាប់នារីទាំងពីរនាក់នេះ ហើយប្លុងសពចោលនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២១៕
ប្រភព៖ people

