មនុស្ស​ ៦​នាក់​បាន​ស្លាប់​ និង ច្រើន​ជាង ៣៦​នាក់​ទៀត​ បាន​រង​របួស នៅ​ពេល​ដែល​បុរស​ម្នាក់​កាន់​កាំ​ភ្លើង​វែង​មួយ​ដើម​ បើក​ការ​បាញ់​ប្រហារ​លើ​ក្បួន​ព្យុហយាត្រា​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក​ នៅ​ជាយ​ទីក្រុង Chicago នៃ​រដ្ឋ ​illinois នា​ថ្ងៃ​ទី ០៤ ខែ កក្កដា ឆ្នាំ​ ​២០២២ (​ម៉ោង​ក្នុងស្រុក​)​។​

ប៉ូលីសអាមេរិក​​បាន​ប្រាប់​ថា ពួក​គេ​ចាប់​បាន​ជន​សង្ស័យ​ម្នាក់ឈ្មោះ Robert E Crimio ​មាន​អាយុ ២២​ឆ្នាំ។

អាជ្ញាធរ​បាន​និយាយ​ថា ខ្មាន់​កាំភ្លើង​បាន​បើក​ការ​បាញ់​ប្រហារ​នៅ​ម៉ោង​ប្រហែល ១០:១៥​នាទី​ព្រឹក នៅ​ពេល​ដែល​ក្បួន​ដង្ហែរ​ប្រហែល ៣​ភាគ​៤ បាន​ដើរ​ឆ្លង​កាត់​ហាង​ទំនិញ​មួយ​កន្លែង។​

លោក Christopher Covelli អ្នក​នាំ​ពាក្យ​កង​កម្លាំង​ពិសេស​នៃ​ក្រុមប្រឆាំង​ឧក្រិដ្ឋកម្ម​ Lake County បាន​ឲ្យ​ដឹង​ថា ​ខ្មាន់​កាំ​ភ្លើង​បាន​បាញ់​ចេញ​ពី​លើ​ដំបូល​ហាង​ទំនិញ​នោះ​ ដោយ​ខ្មាន់​កាំ​ភ្លើង​ដើរ​ឡើង​ទៅ​តាម​ជណ្ដើរ​ជាប់​នឹង​អគារ​ដែល​នៅ​ក្បែរ​នោះ​​។​

លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ជន​រង​គ្រោះ​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ហើយ​ជន​រងគ្រោះ​ម្នាក់​ត្រូវ​បាន​បញ្ជូនទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ប៉ុន្ដែ​បាន​បញ្ជាក់​ថា ស្លាប់​នៅពេល​បញ្ជូន​ទៅ​ដល់​ទី​នោះ​។

មន្រ្តី​ប៉ូលីស​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​នេះ មាន​អាយុ​ចន្លោះ​ពី ៨​ឆ្នាំ ទៅ ៨៥​ឆ្នាំ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ Highland Park​។

ទាក់​ទិន​នឹង​ករណី​នេះ ប៉ូលីស​មិន​ទាន់​បាន​បញ្ជាក់​ពី​មូលហេតុ​នៅ​ពី​ក្រោយ​នៃ​ការ​បាញ់​ប្រហារ​នេះ​នៅ​ឡើយ​ទេ​៕

ប្រភព៖ CNA

Share.