ភ្នំពេញ៖អ្នកបើកបររថយន្តលោកឧកញ៉ាម្នាក់បានស្លាប់ក្នុងថ្លុកឈាម ក្នុងហេតុការណ៍អង្គរក្សបាញ់សម្លាប់ជាច្រើនគ្រាប់បន្ទាប់ពីឈ្លោះប្រកែកពាក្យសំដីដាក់គ្នាទៅវិញទៅមក។
ហេតុការណ៍បាញ់សម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិគ្រិះលេខ៣៨ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ គង់ សុទ្ធ ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរបើករបររថយន្តឲ្យឧកញ៉ាម្ចាស់ភូមិគ្រិះខាងលើ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យជាអ្នកធ្វើការងារនៅផ្ទះឧកញ៉ាជាមួយគ្នាដោយជនរងគ្រោះជាតៃកុងឡាន។ចំណែកជនដៃដល់ជាអង្គរក្ស ហើយមុនពេលកើតហេតុកាលពីថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២២នេះ ជនរងគ្រោះនិងជនសង្ស័យបានឈ្លោះប្រកែកទាស់ទែងឌឺដងផ្លែផ្កាពាក្យសំដីដាក់គ្នាទៅវិញទៅមក។ លុះនៅព្រឹកថ្ងៃបន្ទាប់មុនពេលកើតហេតុ ពួកគេទាំង២នាក់នៅតែបន្តឈ្លោះប្រកែកឌឺដងដាក់គ្នាទៀត។

ប្រភពដដែលបានបន្តឲ្យដឹងថា លុះនៅរសៀលថ្ងៃដដែលជនរងគ្រោះបានអង្គុយនៅលើកៅអីក្នុងប៉ុស្តិ៍យាម ស្រាប់តែជនសង្ស័យបណ្តើរម៉ូតូចេញមកខាងក្រៅរបងផ្ទះចតមុខទ្វារបានដកកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះចំនួន១២គ្រាប់បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមតែម្តង ។បន្ទាប់មកជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកងទី១សហការណ៍ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះមកធ្វើការហ៊ុំព័ទ្ធនិងពិនិត្យស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖សេង សាវី
