ប្រទេស​អ៉ីតាលីបាន​ប្រកាស​ភាព​អាសន្នលើ​រដ្ឋ​ចំនួន ៥ ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ និង បាន​ប្រកាស​មូលនិធិ​សង្រ្គោះ​បន្ទាន់​ជុំ​វិញ​គ្រោះ​រាំង​ស្ងួត​កាន់​តែ​អាក្រក់​ទៅ​ៗ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។

រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា គណៈ​រដ្ឋមន្រ្តី​បាន​អនុម័តច្បាប់​គ្រា​អាសន្ន​នៅ​ក្នុង​តំបន់​ចំនួន ៥ គឺ៖ តំបន់​ អ៉ីមីលីយ៉ា​-​រ៉ូម៉ាកណា (Emilia-Romagna)​, ហ្វ្រីយូលី​-​វេនេសហ្សៀ ហ្គីយូលីយ៉ា (Friuli-Venezia Giulia), លូមបាឌី (Lombardy)​, តំបន់ ភីតម៉ុន (Piedmont) និង តំបន់ វេនេតូ (Veneto) រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ ហើយ​នឹង​មាន​ការ​បែង​ចែក​មូល​និធិ​ចំនួន ៣៩.៦​លាន​ដុល្លារ​ ដើម្បី​ជួយ​សង្រ្គោះ​ដល់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​។

ប្រទេស​អ៉ីតាលី​កំពុង​ប្រឈម​មុខ​នឹង​រលក​កំដៅ​ដំបូង​ខុស​ពី​ធម្មតា និង កង្វះខាត​ទឹកភ្លៀង​ ជាពិសេស​នៅ​តំបន់​ភាគខាងជើង​នៃជ្រលងភ្នំ Po ដែលបាន​ទទួល​រង​ផល​​ប៉ះ​ពាល់​ខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល៧០​​ឆ្នាំ កន្លង​​​មក​នេះ​។

ច្បាប់គ្រាអាសន្ននេះ​នឹងផ្ដល់នូវ «មធ្យោបាយ និង អំណាចវិសាមញ្ញ» ដើម្បីជួយធានាសុវត្ថិភាពសាធារណៈសំណងសម្រាប់ការខាតបង់ ខណៈប្រជាជនស្វែងរកការធានានូវលក្ខខណ្ឌរស់នៅ ជាធម្មតាសម្រាប់នៅក្នុងតំបន់រងគ្រោះនោះ។

យោងតាមសហជីពកសិកម្មដ៏ធំបំផុតមួយរបស់ប្រទេសអ៉ីតាលី បានឲ្យដឹងថា គ្រោះរាំងស្ងួតបានគំរាមកំហែងដល់ជាង ៣០% នៃផលិតកម្មកសិកម្មជាតិ និង ពាក់កណ្ដាលទៀតបានប៉ះពាល់ដល់កសិដ្ឋាននៅក្នុងជ្រលងភ្នំ Po។

ការប្រកាសច្បាប់គ្រាអាសន្ននេះកើតឡើង ១ថ្ងៃបន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់បន្ទាប់ពីផ្ទាំងទឹកកកមួយបានដួលរលំនៅ​តំបន់ភ្នំ អាល់ អ៉ីតាលី ដែលនាយករដ្ឋមន្រ្តី Mario Draghi បាននិយាយថា «គ្មានការសង្ស័យ» ទាក់ទងនឹងការឡើងកំដៅផែនដី៕

ប្រភព៖ The Guardian

Share.