ភ្នំពេញ ៖ ជនសង្ស័យដែលបាញ់សម្លាប់អ្នករួមការងារជាអង្គរក្សរបស់ឧកញ៉ាម្នាក់នៅក្នុងខណ្ឌបឹងកេងកងបាន ហើយនៅព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០២២នេះ។

ក្រោយពីផ្ទុះអាវុធជាច្រើនគ្រាប់ នៅផ្ទះលោកឧកញ៉ា លឹម ប៊ុនសួរ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២២ នៅវិឡាមួយកន្លែង លេខ៣៨ ភូមិ៨ ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលឲ្យបុរសជាអង្គរក្សម្នាក់ ស្លាប់បាត់ជីវិតនៅក្នុងប៉ុស្តិ៍យាម ជនដៃដល់ជាអង្គរក្សដូចគ្នានោះបានរត់គេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើល រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នេះ កម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន ខណៈដែលជនសង្ស័យ ធ្វើសកម្មភាពរួច យកកាំភ្លើងទុកនៅផ្ទះឯក្រុងតាខ្មៅ រួចបន្តរត់ទៅស្រុកកំណើត ។

ជនដៃដល់ឈ្មោះ អ៊ូ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីអាវុធហត្ថ ជាមនុស្សមានសតិមិនប្រក្រតី មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើត ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរអង្គរក្ស ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តព្រៃវែង ។

តាមប្រភពបានឲ្យដឹងថា ជនដៃដល់ជាមនុស្សមានបញ្ហាសតិមិនប្រក្រតី ហើយកន្លងមក ត្រូវបានក្រុមគ្រួសារ អង្គភាព ក៏ដូចជាចៅហ្វាយនាយ ឲ្យឈប់សម្រាក ដើម្បីបន្តព្យាបាលជម្ងឺដែរ តែមិនសុខចិត្ត នៅតែបន្តធ្វើការងារជាអង្គរក្សដដែល ហើយមុនកើតហេតុ៣ថ្ងៃ ក៏ក្រុមគ្រួសារ អង្គភាព ទៅតាមនាំ បញ្ចុះបញ្ចូលយកទៅពេទ្យ នៅតែមិនបានសម្រេច រហូតដល់ថ្ងៃកើតមានបញ្ហានេះតែម្តង ។

ប្រភពឆ្លើយឆ្លងតាមទូរស័ព្ទពីក្រុមគ្រួសារ បានឲ្យដឹងថា គាត់មិនកាន់ជើងទេ ក្រោយពីបង្កបញ្ហាហើយ ជនដៃដល់បានយកកាំភ្លើងទុកនៅផ្ទះ នៅក្រុងតាខ្មៅ រួចរត់ទៅដេកនៅផ្ទះម្តាយមីង ឯភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ពេលនោះ ត្រូវបានក្រុមគ្រួសារ ដាក់ថ្នាំឲ្យងងុយដេក ជនសង្ស័យមកដល់ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះហើយ នៅតែដេកមិនទាន់ងើប ហើយរាយការណ៍ ទៅស្ថាប័ណសមត្ថកិច្ច ដើម្បីចាត់ចែងតាមការគួរ។

ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល សហការជាមួយក្រុមគ្រួសារ ឃាត់ខ្លួនបាន គ្រាដែលជនសង្ស័យងើបពីដេក ដើរទៅហូបគុយទាវខាងមុខផ្ទះ រួចនាំយកទៅសំចតនៅប៉ុស្តិ៍៕

អត្ថបទ៖តាតុង សែនជ័យ

Share.