គេកត់សម្គាល់ឃើញតារាចម្រៀងពន្លកថ្មី ២ ដួង ដែលទទួលបានការចាប់អារម្មណ៍ជាសកលលោក តាមរយៈស្នាដៃលើបទចម្រៀងរបស់ពួកគេ ទាំងការតាក់តែង និងរៀបរៀងឱ្យទាក់ចិត្តអ្នកគាំទ្រ នៅក្នុងនោះរួមមានតារាចម្រៀងរ៉េប វណ្ណដា និងតារាចម្រៀងសែស្រឡាយអធិរាជសំឡេងមាស គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ។

ជាក់ស្ដែងថ្មីៗនេះសារព័ត៌មានបរទេសដ៏ល្បីជាសកលលោកមួយមានឈ្មោះថា VICE បានចាប់អារម្មណ៍មកលើតារាចម្រៀងរ៉េបកម្ពុជាគឺលោក វណ្ណដា ដោយសារព័ត៌មាននេះបានសម្ភាសផ្ទាល់ជាមួយ វណ្ណា និងជីគកកាយពីប្រវត្តិតារារ៉េបរូបនេះឱ្យមហាជនជាសកលលោកបានស្គាល់ពីសិល្បកររបស់កម្ពុជា។ ក្នុងការចេញផ្សាយនោះបានលើកឡើងថា វណ្ណដា ជាតារាចម្រៀងវ័យ ២៥ឆ្នាំដែលមានអ្នកគាំទ្ររាប់លាននាក់ ប៉ុន្តែលោកមិនមែនជាតារាសិល្បៈកម្ពុជាដែលធម្មតាៗម្នាក់នោះទេ។

តន្ត្រីរបស់ វណ្ណដា បានកំពុងបញ្ច្រៀបការពេញនិយមទៅកាន់បស្ចិម​ប្រទេស​ តាមរយៈ​តន្ត្រី​ហ៊ីបហប ។ លោកមានទស្សនៈវិស័យលើ​តន្ត្រី​ហ៊ីបហបវែងឆ្ងាយ ដោយមានការសហការជាមួយនឹងតារារ៉េបថៃថែមទៀតផង។

វណ្ណដា បានប្រាប់សារព័ត៌មាន VICE ថា ការបន្ថែមសម្ពាធគឺជាក្តីសុបិនរបស់លោកក្នុងការលើកតម្កើងតន្ត្រីខ្មែរ ដើម្បីប្រែក្លាយវាទៅជាអ្វីដែលអាចប្រកួតប្រជែងជាមួយតន្ត្រីជុំវិញពិភពលោក។ ហើយថ្មីៗនេះ វណ្ណដា ក៏ទើបតែបញ្ចេញអាល់ប៊ុម SKULL 2 រដូវកាលទី ១​ដែលនៅក្នុងនោះ មានការបញ្ជាក់ថាមាន Subtitle ជាភាសាអង់គ្លេស និងភាសាថៃ វាមានភាពងាយស្រួលសម្រាប់ហ្វេនទូទាំងសកលលោកបានដឹងពីអត្ថន័យរបស់បទចម្រៀង និងតន្ត្រីរបស់លោក។

ងាកមកចាប់អារម្មណ៍តារាចម្រៀងស្រី ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត វិញម្ដង ដោយកញ្ញាក៏ទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានបរទេសដ៏ល្បីជាសកលលោកដូចគ្នា នោះគឺសារព័ត៌មាន Rollingstone ។

សារព័ត៌មាននេះបានលើកឡើងថា កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ជាតារាចម្រៀងស្រីម្នាក់​ដែល​កំពុង​លេច​ធ្លោ​នៅក្នុងរាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ ជាពិសេស សំឡេងរបស់នាងបានឆ្លុះបញ្ចាំង​អំពី​ប្រវត្តិសាស្ត្រ និង​មាន​អត្ថន័យ​ជ្រាលជ្រៅ​ពីអធិរាជសំឡេងមាស។ ចម្រៀងរបស់ ស៊ីន សេដ្ឋសុជ្ឈតា បានលាយបញ្ចូលធាតុផ្សំប្រពៃណីនៃតន្ត្រីខ្មែរ ជាមួយនឹងចង្វាក់ Rock & Roll សម័យដើម និងមានបញ្ចូលព្រលឹង R&B និងសូម្បីតែយុគសម័យមាសនៃកម្ពុជាក៏មានតន្ត្រីប្រភេទនេះដែរ។

កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏បានចូលស្នាដៃផលិតភាពយន្តមួយដែលមានចំណងជើងថា «ចំប៉ាបាត់ដំបង» ដែលជាភាពយន្តត្រលប់ទៅរករឿងរ៉ាវស្នេហាដ៏អាឡោះអាល័យ និងការលេងហ្គីតារបស់ជីតានាង។ បើទោះបីជាមានឈាមជ័រអធិរាជសំឡេងមាស ប៉ុន្តែកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា មិនដែលមានគំនិតប្រៀបធៀបសមត្ថិភាពខ្លួនជាមួយតារាចម្រៀងដទៃឡើយ។ ទេពកោសល្យ និងសំឡេងពីរោះរបស់កញ្ញា គឺជាកម្លាំងចិត្ត មួយ​ដែល​ជំរុញ​ឱ្យ​កញ្ញាបន្ត​ដំណើរ​ជាមួយតន្ត្រីដែលចេញពីស្ទាយរបស់កញ្ញាផ្ទាល់៕

Share.