(ព្រះសីហនុ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានបើកប្រតិបត្តិការរួមគ្នាបង្រ្កាបករណីលួចមានស្ថាន់ទម្ងន់ទោស(កាប់ប្លន់រថយន្តមិនបានសម្រេច) កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០:២០នាទីព្រឹកនៅចំណុច ផ្លូវ អូរ២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថាប្រតិបត្តិការ នេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ។

បើតាមលោកឧត្តមសេនីយ៍ទោ ជាវ វិបុល ក្រោយទទួលបាន បទបញ្ជាផ្ទាល់ លោកបានដឹកនាំកម្លាំង ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ធ្វើការបង្ក្រាបឃាត់ខ្លួនបាន ០៣នាក់ នាយប់ថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២២នៅចំណុច ផ្ទះសំណាក់គ្មានស្លាកយីហោ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅចំណុចមុខ ផ្ទះអ៉ិនធឺណេត សង្កាត់ ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែល ពួកគេធ្លាប់ធ្វើ សកម្មភាពកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

ជនសង្ស័យទាំង០៣នាក់ ដែលត្រូវកម្លាំងជំនាញរួមដៃគ្នាបង្ក្រាបបាននេះ ទី១៖ ឈ្មោះ សួន សារ៉ាត ភេទប្រុស អាយុ ៤៣, ទី២៖ ឈ្មោះ ស្រូយ ស្រស់ ភេទប្រុសអាយុ ៤១, ទី៣៖ ឈ្មោះ យ៉ែម លីហួរ ភេទប្រុស អាយុ ៣១ឆ្នាំ ជនសង្ស័យទាំង ០៣ ធ្លាប់ជាប់ពន្ធនាគារ ។
ក្រោយប្រតិបត្តិការចាប់ខ្លួននោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ ទាំង០៣ នាក់ ឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ
