បាត់ដំបង៖បុរសម្នាក់ដែលជាអ្នកធ្វើបន្ទប់ទឹក បានប្រើអំពើហិង្សាលើម្ចាស់ផ្ទះបណ្តាល ឲ្យរងរបួសធ្ងន់ក្រោយពី ម្ចាស់ផ្ទះបានបញ្ចប់ការងារសាងសង់បន្ទប់ទឹករបស់ខ្លួន។
លោកវរ:សេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បាន ឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិត) ខាងលើបានបង្ក ការភ្ញាក់ផ្អើលនៅវេលាម៉ោង៦:០០នាទីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុច ក្រុមទី០៨ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនបង្កក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងផ្នែកជំនាញចុះស្រាវជ្រាវ ឃាត់ខ្លួនបានមកវិញ និងនាំខ្លួនមកសាកសួរ។

ជនសង្ស័យឈ្មោះសេង សារុន ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល។ នៅថ្ងៃកើតហេតុក្រោយពីឈ្លោះប្រកែកគ្នាមួយប្រាវជាមួយម្ចាស់ផ្ទះ បាន ស្ទុះទៅទាញយកកាំបិតប៉័ងតោដែលនៅក្បែរនោះហើយកាប់ទៅលើជនរងគ្រោះ ឈ្មោះ ចាន់សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នាបណ្តាលឲ្យរងរបួសជាច្រើន កន្លែងនៅត្រង់ក្បាល ផ្នែកខាងលើ និងផ្នែកខាងក្រោយ ត្រង់ខ្នងដៃខាងឆ្វេង និងកំភួនដៃ ចំហៀងខាងឆ្វេងផងដែរ។
លោកវរ:សេនីយ៍ទោ សេង លុច បន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាព ថា មូលហេតុដែល ឈានទៅដល់ការប្រើហិង្សានេះដោយសារខ្លួនបាន ខឹងនឹងជនរងគ្រោះ បញ្ឈប់ការងារសាងសង់ធ្វេីបន្ទប់ទឹកដែល ជនរងគ្រោះបានជួលមកឲ្យធ្វើ។ ក្រោយការចាប់ខ្លួនបាន នគរបាលបានរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង
