ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានបញ្ជាក់ពីករណីឆ្លងជំងឺអុតស្វាក្នុងស្រុកជាលើកដំបូង។

អ្នកជំងឺជាជនជាតិម៉ាឡេស៊ី ភេទ ប្រុស អាយុ ៤៥ឆ្នាំ ស្នាក់នៅប្រទេសសិង្ហបុរី។ ក្រសួងសុខាភិបាលបាននិយាយថា បុរសនោះបានធ្វើតេស្ដវិជ្ជមានចំពោះជំងឺអុតស្វា នៅថ្ងៃ ពុធ ទី ០៦ ខែ កក្កដា នេះ។

ថ្លែងនៅក្នុងរបាយការណ៍ព័ត៌មានមួយកាលពីថ្ងៃ ពុធ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា បច្ចុប្បន្នអ្នកផ្ទុកជំងឺអុតស្វានោះបានទទួលការព្យាបាល នៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ហើយស្ថានភាពរបស់គាត់ មិនជាបញ្ហាអ្វីនោះទេ។

បុរសរូបនេះមិនជាប់ពាក់ព័ន្ធនឹងករណីនាំចូល ដែលក្រសួងប្រកាសកាលពីថ្ងៃទី ២១ ខែ មិថុនា ឡើយ។ គាត់បានកើតដំបៅស្បែកផ្នែកខាងក្រោមពោះ លើកដំបូងនៅថ្ងៃទី ៣០ ខែ មិថុនា ហើយក្រោយមកបានជួបប្រទះនូវអាការៈអស់កម្លាំង និង ហើមកូនកណ្ដុរនៅថ្ងៃទី ០២ ខែ កក្កដា។ នៅថ្ងៃទី ០៤ ខែ កក្កដា គាត់បានក្ដៅខ្លួន និង ឈឺបំពង់ក និង បានទៅមន្ទីរពេទ្យ រួចក៏ត្រូវបានធ្វើតេស្ដស្វែងរកជំងឺសង្ស័យ តែទទួលបានលទ្ធផលអវិជ្ជមាន។

ទោះលទ្ធផលអវិជ្ជមានក៏ដោយ បុរសម្នាក់នោះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) នៅថ្ងៃទី ០៦ ខែ កក្កដា ជាកន្លែងចុងក្រោយដែលតេស្ដឃើញគាត់វិជ្ជមានជំងឺ អុតស្វា និង បញ្ជូនដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់ការវាយតម្លៃបន្ថែមទៀត។

គិតត្រឹមថ្ងៃ ពុធ នេះ អ្នកដែលមានទំនាក់ទំនងជិតស្និតនឹងអ្នកជំងឺចំនួន ៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណ។ អ្នកដែលមានទំនាក់ទំនងជិតស្និតទាំងអស់ នឹងត្រូវបញ្ជូនដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលមានទំនាក់ទំនងចុងក្រោយជាមួយអ្នកជំងឺ ដើម្បីតាមដានអំពីស្ថានភាពអ្នកទាំងនោះ ហើយក្រសួងនឹងបន្ដតាមដានទំនាក់ទំនងផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ៕

ប្រភព៖ CNA

Share.