ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បាននិយាយថា លោក បានទូរស័ព្ទទៅមេដឹកនាំនៃប្រទេសរុស្ស៊ី ដោយផ្ទាល់ដើម្បីស្នើសុំឥណទានប្រេងឥន្ទនៈ ខណៈដែលប្រទេសកោះមួយនេះបានជាប់គាំងដោយសារគ្មានសាច់ប្រាក់នាំចូលប្រេង។
កង្វះការប្ដូរប្រាក់បរទេសដោយសារតែការគ្រប់គ្រងសេដ្ឋកិច្ចខុសរយៈពេលជាច្រើនឆ្នាំ និង ផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ១៩។

ទោះជាយ៉ាងណា ប្រទេសស្រីលង្កាបាននិងកំពុងតស៊ូ ក្នុងការនាំចូលសម្ភារៈសំខាន់ៗ ដូចជា ថ្នាំពេទ្យ ស្បៀងអាហារ និង ប្រេងឥន្ទនៈ ដើម្បីយកមកផ្គត់ផ្គង់ និង ស្ដុកទុក។

លោកប្រធានាធិបតីស្រីលង្កា Rajapaksa បានបង្ហោះសារលើបណ្ដាញសង្គម Twitter ថា «ការហៅទូរស័ព្ទជាមួយលោក ពូទីន ប្រកបដោយផ្លែផ្កា។ ក្នុងអំឡុងការហៅទូរស័ព្ទនេះ លោក Rajapaksa បានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់ការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ីដើម្បីជំនះឧបសគ្គកន្លងមក»។ លោក បន្ដថា «ខ្ញុំបានស្នើសុំការផ្ដល់ជូនការគាំទ្រផ្នែកឥណទាន ដើម្បីនាំចូលប្រេងឥន្ទនៈទៅកាន់ប្រទេសស្រីលង្កា ក្នុងការយកឈ្នះលើបញ្ហាប្រឈមសេដ្ឋកិច្ចបច្ចុប្បន្ន»។

សូមជម្រាបថា ប្រទេសលោកខាងលិចភាគច្រើនបានកាត់ផ្ដាច់ការនាំចូលថាមពលពីរុស្ស៊ី ស្របតាមការដាក់ទណ្ឌកម្មជុំវិញសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី ២៤ ខែ កុម្ភៈ មក ដែលនាំឲ្យតម្លៃប្រេងពិភពលោកបានកើនឡើងយ៉ាងខ្លាំង ហើយក៏បានជំរុញឲ្យប្រទេសមួយចំនួនងាកទៅស្វែងរកប្រេងឆៅរបស់ប្រទេសរុស្ស៊ី ដែលកំពុងផ្ដល់ជូនដោយការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់៕

