ភ្នំពេញ៖ បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយបុរសជាជនរងគ្រោះ កំពុងអង្គុយផឹកស៊ី ជុំជាមួយមិត្តភក្កិ ស្រាប់តែប្រពន្ធដើរទៅប្រាប់ថាកូនបំណុលរបស់ខ្លួន មិនព្រមសងលុយព្រមទាំងឌឺដងផ្លែផ្កាដាក់ទៀត ធ្វើឲ្យបុរសរូបនោះក្ដៅស្លឹកត្រចៀកឈាវ ដើរសំដៅទៅរកកូនបំណុលនោះ។

ប្រភពដដែលបានបន្តទៀតថា នៅពេលជួបកូនបំណុល ក៏បានទាលុយពីកូនបំណុលនោះ តែកូនបំណុលមិនបានឲ្យលុយទេព្រមទាំងឌឺដងផ្លែផ្កា ទាស់ពាក្យសម្ដីឈ្លោះគ្នាមួយប្រាវ រហូតឈាន​ដល់ប្រើ​អំពើហិង្សាប្រតាយប្រតប់គ្នា។ ពេលដែលកំពុងប្រតាយប្រតប់គ្នា បុរសជាកូនបំណុលបានប្រើដែកឆាបចាក់លើបុរសរងគ្រោះចំនួនពីរដែកឆាបចំចុងដង្ហើម បណ្ដាលឲ្យដួលប្រកាច់ហូរឈាមពេញផ្លូវ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ តែជាអកុសលដោយសាររបួសមានស្ថានភាពធ្ងន់ធ្ងរពេក ក៏បានបាត់បង់អាយុជីវិតនៅលើរថយន្តសង្គ្រោះភ្លាមៗ។

ជនរងគ្រោះមានឈ្មោះសំណាង អាយុ 45 ឆ្នាំ មានមុខរបរជាអ្នកគ្រប់គ្រងទូអ៊ីនធឺណិត។ ចំណែកជនសង្ស័យមានឈ្មោះហុង អាយុ 17 ឆ្នាំ មានមុខរបរមិនពិតប្រាកដ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 10 20 នាទីយប់ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022 នៅចំណុចបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វាលវង់ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើកំណត់ហេតុ។ រួចនាំប្រពន្ធជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍រដ្ឋបាលនគរបាលសង្កាត់វាលវង់ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនដៃដល់ មកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពបុរសរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

Share.