បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញនៅរសៀលថ្ងៃទី៦ ខែកក្កដានេះ គេរកឃើញ ៣ ក្រុមឡើងទៅកាន់វគ្គ ១៦ ក្រុមថ្នាក់ជាតិពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ គឺ កោះកុងអេហ្វស៊ី, ព្រៃវែងអែហ្វស៊ី និងអាយ អេស អាយ ដង្កោសែនជ័យ។

ក្រុមកោះកុងអេហ្វស៊ី បានយកឈ្នះក្រុម លេខ៣ថ្នាក់ខេត្ត ឫទ្ធិសែនអេហ្វស៊ី ដោយលទ្ធផល ៦-៣ នារសៀលនេះនៅឯទីលានវិទ្យាល័យកោះកុង។ បើសរុបគ្រាប់បាល់ទាំងពីរជើងក្រុមរបស់លោក ហុក សុជីវ័ន ឈ្នះរហូតដល់ ៩ – ៥។ ចំណែក ព្រៃវែងអេហ្វស៊ី បានលត់ក្រុមខេត្តកំពត ដែលជាចំណាត់ថ្នាក់លេខ៤ថ្នាក់ខេត្តដោយលទ្ធផល ៩-១ ធ្វើឲ្យសរុបគ្រាប់បាល់ទាំងពីរជើងកើនឡើងដល់ ១៤-៣។

រីឯ អាយ អេស អាយ ដង្កោសែនជ័យ បានយកឈ្នះក្រុមជើងឯករងថ្នាក់ខេត្ត ក្រុមឧត្តរមានជ័យដោយលទ្ធផល ៦-០ នៅជើងទី២ បន្ទាប់ពីឈ្នះ ៣-១ នៅជើងទី១។ សរុបទាំងពីរជើង អាយ អេស អាយ ដង្កោសែនជ័យ បានឈ្នះក្នុងគ្រាប់បាល់សរុប ៩-១។

ចំពោះរសៀលនេះថ្ងៃទី៧ កក្កដា មានការប្រកួតពីរគូ គឺ ក្លិបបាល់ទាត់ណិចស្ដិប ប្រកួតនឹង ក្លិបសៀមរាបអេហ្វស៊ីវេលាម៉ោង ៣:៤៥ នាទី នៅកីឡដ្ឋានហនុមាន ស្របពេល ខេត្តបន្ទាយមានជ័យ តតាំងនឹងសូលទីឡូអង្គរ នៅទីលានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ។

ជើងទី១ ក្លិបបាល់ទាត់ណិចស្ដិប ចាញ់ ក្លិបសៀមរាបអេហ្វស៊ី ដោយលទ្ធផល ៣-២ ហើយ ខេត្តបន្ទាយមានជ័យ ចាញ់ សូលទីឡូអង្គរ ដោយលទ្ធផល ២-០។ មួយក្រុមទៀតត្រូវរង់ចាំអ្នកឈ្នះរវាង អាស៊ីអឺរ៉ុបយូណាយធីត និង ភ្នំពេញហ្គាឡាក់ស៊ី ដែលលើកពេលទៅលេងនៅថ្ងៃទី២០ ខែកក្កដាខាងមុខ។

ដោយឡែកក្រុមអគ្គិសនីកម្ពុជា និង នគរបាលជាតិ ក៏មានកៅអីដោយស្វ័យប្រវត្តិរង់ចាំប្រកួតពានសម្ដេច វគ្គ១៦ក្រុម មុនគេដោយមិនបាច់ជម្រុះដំណាក់កាលទី២នេះ ក្នុងនាមក្រុមលេខ១ និង លេខ២នៅ Cambodian League 2។ ការប្រកួតវគ្គ ១៦ ក្រុមចុង ដែលជាដំណាក់កាលថ្នាក់ជាតិ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕

Share.