តំណាងអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំអង្គការហាមឃាត់អាវុធគីមី (OPCW) លោក Alexandr Shulguin បានព្រមានអង្គការនេះអំពីការបង្កហេតុដែលអាចកើតមានជាមួយនឹងអាវុធគីមីដោយកងទ័ពអ៊ុយក្រែននៅឯរោងចក្រថាមពលកម្ដៅ Nikolaevka។

លោក Shulguin បានប្រាប់ប៉ុស្ដិ៍ Rossiya 24 ថា ពួកគេបានផ្ញើកំណត់ការទូតទៅលេខាធិការដ្ឋានបច្ចេកទេស នៃអង្គការហាមឃាត់អាវុធគីមី (OPCW) ដោយបានជូនដំណឹងអំពីផែនការរបស់ទីក្រុងកៀវ ដែលកំពុងរៀបចំការបង្កហេតុ ជាមួយនឹងការប្រើប្រាស់អាវុធគីមីនៅរោងចក្រថាមពលកម្ដៅ Slavyanskaya ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ហើយបានព្រមានថា អ្នកជាតិនិយមអ៊ុយក្រែនកំពុងរៀបចំផែនការបង្កហេតុនៅកន្លែងផ្សេងទៀតដូចជានៅតំបន់ Nikolaevka និង តំបន់ Kharkov ជាដើម។ សរុបទាំងអស់ មានកំណត់ទូតជាង ១០ ត្រូវបានបញ្ជូនទៅលេខាធិការដ្ឋានបច្ចេកទេសរួចហើយ។
លោកបន្ដថា អង្គការអន្តរជាតិ (OPCW) មួយនេះបានទទួលព័ត៌មានទាំងអស់ ហើយថាអង្គការកំពុងតែផ្សព្វផ្សាយក្នុងចំណោមរដ្ឋជាសមាជិក។

កាលពីថ្ងៃ អង្គារ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរបស់រុស្ស៊ី លោក Mikhail Mizintsev បាននិយាយថា ទាហានអ៊ុយក្រែនកំពុងរៀបចំការបង្កហេតុជាមួយនឹងសារធាតុក្លរួ នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសដោយខ្លួនឯង ដើម្បីចោទប្រកាន់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ី ពីការវាយប្រហារដោយមិនរើសអើងជាមួយនឹងសារធាតុគីមីដ៏គ្រោះថ្នាក់។

លោក Mizintsev បាននិយាយថា ទីក្រុងម៉ូស្គូបានព្រមាន «ពួកលោកខាងលិច រួមទាំងអង្គការសហប្រជាជាតិ និង គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម រួចហើយអំពីឧប្បត្តិហេតុនេះ»។
ទាក់ទិននឹងករណីនេះ លោក Mizintsev បានអះអាងផងដែរថា សកម្មភាពរបស់កងទ័ពអ៊ុយក្រែនបែបនេះគឺ កើតមានជាញឹកញាប់ ហើយបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីអំពើឃោឃៅរបស់រុស្ស៊ី លើបណ្ដាញសារព័ត៌មានជាតិ និង សារព័ត៌មាននៅលោកខាងលិច៕

