យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS បានអោយយើងដឹងថា លោក ទ្នង់ស័ក្តិ ហ៊ានវង្ស អ្នកបុរាណវិទ្យាដ៏ល្បីល្បាញដ៏ប្រទេសថៃ កំពុងតែមមាញឹកនឹង ប្រមូលផ្ដុំឯកសារ ភស្តុតាងនានាដើម្បី ទាមទារមកវិញនូវ រូបចម្លាក់ទេពបុរស កម្ពស់១.១ ម៉ែត្រ សាងអំពីសំរិទ្ធបិតមាស រចនាប័ទ្មខ្មែរកាលសតវត្សទី១១ ដែលលោកអះអាងថា ជាចម្លាក់រចនាប័ទ្ម ថៃភិម៉ៃ (ថៃភិមាយ-Thai Phimai) ដែលជាបដិមាតំណាងមនុស្ស និងមិនធ្លាប់មានរចនាប័ទ្មនៅកម្ពុជាពីមុនមក។

លោកបានធ្វើសេចក្តីសន្និដ្ឋានថា ចម្លាក់នេះទំនងជា ចម្លាក់តំណាងព្រះបាទជ័យវម៌្មទី៦ ដោយព្រះអង្គលោកគោរពព្រះពុទ្ធសាសនា និងកសាងប្រាសាទបុរាណបានលើទឹកដីថៃបច្ចុប្បន្ន។ រូបចម្លាក់ដែលគេអោយរហ័សនាមថា Golden Boy នេះ ត្រូវបានអ្នកបុរាណវិទ្យាទូទៅសន្និដ្ឋានថា ជាចម្លាក់បុរាណខ្មែររចនាប័ទ្មបាពួន ដោយសារមន្ទីរ Metropolitan អោយជាទិន្នន័យថា ចម្លាក់នេះមានប្រភពមកពី ខេត្តសៀមរាប នៃប្រទេសកម្ពុជា។

តែតាមលោក ទ្នង់ស័ក្កិ លោកយល់ថា ជារចនាប័ទ្មបែប ថៃពិមាយ បច្ចុប្បន្នលោកកំពុងតែចុះទៅតាមខេត្តនានា ដើម្បីសាកសួរប្រជាជននៅតំបន់នោះពីវត្តមានរបស់ចម្លាក់នេះនៅប្រទេសថៃ កាលពី៥០ឆ្នាំមុន និងប្រមូលភស្តុតាងនានាពីការទិញដូរចម្លាក់នេះនាសម័យនោះ។ លោក កិត្តិព័ន្ធ ពានសុវណ្ណ ប្រធានអគ្គនាយកដ្ឋានសិល្បករ(ចំណុះក្រសួងវប្បធម៌) នៃប្រទេសថៃបានអោយដឹងថា បច្ចុប្បន្នភស្តុតាងដែលយើងមាននៅមិនមានទម្ងន់នៅឡើយ លោកបានបញ្ជាអោយគណកម្មការទាមទារវត្ថុបុរាណ ធ្វើការស្រាវជ្រាវអោយបានច្បាស់លាស់សិន ព្រោះខ្លាចប៉ះពាល់មិត្តភាពរវាង ថៃ និង អាមេរិក។


គួរបញ្ជាក់ផងដែរថា ក្នុងសម័យនៃការជួញដូរវត្ថុបុរាណ វត្ថុបុរាណពីកម្ពុជាជាច្រើន ត្រូវបាននាំចូលទៅលក់នៅប្រទេសថៃ ដែលជាទីផ្សារវត្ថុបុរាណដ៏ធំនាសម័យនោះ។ វត្ថុបុរាណខ្លះដែលអាជ្ញាធរថៃចាប់បាន ឬ មិនត្រូវបានដឹកជញ្ជូនដល់គោលដៅ ឬ ត្រូវបានកប់ទុកចោល ឬ បោះបង់ចោល ក៏ត្រូវបានក្លាយជាវត្ថុបុរាណ នៃរចនាប័ទ្មប្រាសាទខ្មែរស្ថិតក្នុងដែនអធិបតេយ្យប្រទេសថៃ រហូតមកដល់បច្ចុប្បន្ន។

ក្នុងឆ្នាំកន្លងទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក៏បាននឹងកំពុងធ្វើការទាមទារវត្ថុបុរាណនានារបស់ខ្មែរពីសារមន្ទីរ Metropolitan របស់អាមេរិកដូចគ្នានេះដែរ។ ដោយមានចំនួន៤៥ និងសង្ស័យថា ត្រូវបាននាំចេញពីកម្ពុជាដោយខុសច្បាប់នៅសម័យសង្គ្រាម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រំពឹងថា នឹងទទួលបាន វត្ថុបុរាណទាំងអស់នេះ ត្រឡប់មកមាតុភូមិកម្ពុជាវិញ។
អត្ថបទ៖ បុរាណាចារ្យ
ប្រភពពី៖ បុរាណាចារ្យ thaipbs

