
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ នឹងមានការពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះក៏មានសេចក្ដីព្រាងច្បាប់ធម្មនុញ្ញផងដែរ។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ គឺជារបៀបវារៈទី១នៃកិច្ចប្រជុំនេះ។ របៀបវារៈមួយនេះ បានបង្កើតចម្ងល់ជាច្រើនថ្ងៃមកហើយ។ ខណៈមិនទាន់មានការអះអាងបន្ថែមពីមន្រ្តីរាជរដ្ឋាភិបាល អំពីការធ្វើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះ ក្រុមអ្នកតាមដានបានចោទជាសំនួរថាតើរាជរដ្ឋាភិបាលនឹងស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬយ៉ាងណា? និងថាតើវិសោធនកម្មមាត្រាណាខ្លះ និងពាក់ព័ន្ធឹងបញ្ហាអ្វី?
សូមបញ្ជាក់ថារដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រហូតមកដល់ពេលនេះ ច្បាប់កំពូលរបស់ជាតិមួយនេះ បានឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន៨លើករួចមកហើយ។ វិសោធនកម្មចុងក្រោយ គឺវិសោធនកម្មដាក់បញ្ចូលស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ៕


