អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានបំបែកឯតទគ្គកម្មជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេបំផុតរបស់ប្រទេសជប៉ុន ដោយបានឈ្នះការកែទម្រង់សេដ្ឋកិច្ចប្រកបដោយមហិច្ឆិតា និង បង្កើតទំនាក់ទំនងការទូតសំខាន់ៗ ខណៈដែលលោកកំពុងជួបរឿងអាស្រូវដ៏ចម្រូងចម្រាស។
មិនត្រឹមតែធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីជប៉ុនប៉ុណ្ណោះទេ លោក Abe ក៏ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី មួយរូបដែរ លោកបានកាន់តំណែងនេះចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ និងបន្ទាប់មកទៀត ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២០។ លោក ក៏ធ្លាប់ជាមេដឹកនាំបក្សប្រឆាំងមួយរយៈពេលខ្លីក្នុងឆ្នាំ ២០១២ ផងដែរ។

អស់រយៈពេលជិត ២ឆ្នាំ បន្ទាប់ពីសុខភាពពោះវៀនរបស់លោកមិនប្រសើរ គួបផ្សំនិង ជំងឺរុំារ៉ៃរបស់លោកបានលេចចេញជាថ្មី លោក Abe បានសម្រេចចិត្តចាកចេញពីតំណែងក្នុងឆ្នាំ ២០២០។
លោក Abe មានប្រវត្តិគ្រួសារជាអ្នកនយោបាយស្រាប់ លោកកើតនៅថ្ងៃទី ២១ កញ្ញា ឆ្នាំ ១៩៥៤ នៅទីក្រុង Shinjuku ប្រទេសជប៉ុន បច្ចុប្បន្នលោកមានអាយុ ៦៧ឆ្នាំ ហើយក៏កំពុងតែធ្វើឲ្យប្រជាជនជាច្រើនព្រួយបារម្ភខ្លាចលោកបាត់បង់ជីវិត បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារពីក្រោយ នៅតាមទីសាធារណៈអំឡុងពេលព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតនាព្រឹកថ្ងៃ សុក្រ ទី ០៨ ខែ កក្កដា នេះ។

នៅឆ្នាំ ២០០៦ លោក Abe មានអាយុ ៥២ឆ្នាំ លោកបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុននាពេលនេះ ហើយក៏បានក្លាយជាមនុស្សក្មេងជាងគេបំផុតដែលមិនធ្លាប់មានការងារនេះ ប៉ុន្ដែលោកតែងតែសម្រេចចិត្តជ្រើសរើសវិធីសាស្រ្តលាលែងពីតំណែងជាច្រើនដង។
នៅឆ្នាំ ២០១២ លោក Abe បានវិលត្រឡប់មកឆាកនយោបាយវិញ រួចបានបង្កើត និង ដាក់ចេញនូវផែនការសេដ្ឋកិច្ចមួយ ដែលមានឈ្មោះថា «Abenomics» ដែលជាគ្រោងការណ៍ដើម្បីស្ដារសេដ្ឋកិច្ចរបស់ជប៉ុន ដែលជាមហាអំណាចទី៣ របស់ពិភពលោក ប៉ុន្ដែជាង ២ទសវត្សរ៍មក វាស្ថិតក្នុងភាពជាប់គាំង ពាក់ព័ន្ធនឹងការចំណាយរបស់រដ្ឋាភិបាលយ៉ាងច្រើន។

Shinzo Abe ជាអ្នកអភិរក្សនិយមម្នាក់ដែលត្រូវបានគេពិពណ៌នាយ៉ាងទូលំទូលាយថា ជាអ្នកជាតិស្ដាំនិយមរបស់ជប៉ុន។ អាណត្តិរបស់លោក Abe ជានាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានគេស្គាល់ជាអន្តរជាតិសម្រាប់គោលនយោបាយសេដ្ឋកិច្ចរដ្ឋាភិបាលរបស់លោក ដែលបន្ដជំរុញសារពើពន្ធ ការបន្ធូរបន្ថយរូបិយវត្ថុ និង កំណែទម្រង់រចនាសម្ព័ន្ធនៅក្នុងប្រទេស៕
ប្រភព៖ CNA & Jagranjosh & Wikipedia

