កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកនេះ បានបន្តពិភាក្សាលើរបៀបវារៈស្តីពី «ការស្នើសុំកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញា ស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ»។ តើមានមូលហេតុអ្វីខ្លះបានជាកម្ពុជាស្នើសុំចូលជាសមាជិកអនុញ្ញាអន្តរជាតិមួយនេះ? ខាងក្រោមគឺជាខ្លឹមសារផ្ដល់ជូនដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ប្រវត្តិដំណើរ និងគោលបំណងនៃការរៀបចំនិងបង្កើតអនុសញ្ញា
អនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្មត្រូវបានចូលជាធរមាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៧។ អនុសញ្ញាតនេះត្រូវរៀបចំបង្កើតឡើងដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ​ហៅកាត់ថា​IAEA ក្នុងគោលបំណងបង្កើតនិងលើកកម្ពស់ក្របខណ្ឌ សហប្រតិបត្តិការអន្តរជាតិនិងផ្តល់ជំនួយជាធនធានមនុស្ស សម្ភារៈ និងឧបករណ៍បច្ចេកទេសឱ្យគ្នាទៅវិញទៅមករវាងរដ្ឋជាសមាជិកនិងអង្គការអន្តរជាតិពាក់ព័ន្ធនានា ដើម្បីធានាការទប់ស្កាត់និងការកាត់បន្ថយហានិភ័យនិងផលប៉ះពាល់ ព្រមទាំងការការពារជីវិតមនុស្ស សត្វ និងបរិស្ថាន ក្នុងករណីមានគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្មកើតឡើងនៅក្នុងរដ្ឋភាគីណាមួយ។

រហូតមកទល់បច្ចុប្បន្ន មានប្រទេសសរុបចំនួន ១១២ប្រទេស និងអង្គការអន្តរជាតិចំនួន ០៤រួមមាន សហគមន៍ថាមពលបរមាណូអឺរ៉ុប (Euratom) អង្គការសុខភាពពិភពលោក (WHO) អង្គការស្បៀងអាហារពិភពលោក (FAO) និងអង្គការឧតុនិយមពិភពលោក (WMO) បានចូលជាសមាជិកនៃអនុសញ្ញានេះ។ ក្នុងចំណោមប្រទេសដែលជារដ្ឋភាគីទាំងអស់ មាន ប្រទេសចំនួន៧ នៅក្នុងតំបន់អាស៊ានបានចូលជាសមាជិករូមមាន ប្រទេសថៃ ឡាវ សឹង្ហបុរី ឥណ្ឌូនេះស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។

អត្ថប្រយោជន៍នៃការចូលជារដ្ឋភាគី
ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្មកើតឡើងនៅក្នុងរដ្ឋភាគី ឬនៅក្នុងតំបន់ណាមួយ រដ្ឋជាសមាជិកទាំងអស់មានសិទ្ធក្នុងការទទួលបាននូវជំនួយតាមរយៈការធ្វើសំណើទៅរដ្ឋភាគីណាមួយផ្សេងទៀតដោយផ្ទាល់ឬតាមរយៈទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដើម្បីសុំផ្តល់ជំនួយក្នុងក្របខណ្ឌនៃអនុសញ្ញានេះ ហើយទីភ្នាក់ងារនេះមានកាតព្វកិច្ចត្រូវធ្វើការឆ្លើយតបវិញភ្លាមៗ ព្រមទាំងសម្របសម្រួលក្នុងការផ្តល់ជំនួយ ទាំងផ្នែកបច្ចេកទេស សហប្រតិបត្តការ និងថវិកា។

ដោយកន្លងមក កម្ពុជាបានចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការជូនដំណឹងជាបន្ទាន់ពីគ្រោះមហន្តរាយនុយក្លេអ៊ែររួចហើយ ដូច្នេះការចូលជារដ្ឋភាគីនៃអនុសញ្ញាបន្ថែមនេះ នឹងផ្តល់ឱកាសឱ្យកម្ពុជាអាចទទួលបានជំនួយបច្ចេកទេសជាឧបករណ៍ សម្ភារៈ និងថវិកា ក្នុងករណីមាន គ្រោះថ្នាក់ណាមួយកើតឡើងដោយយថាហេតុនៅក្នុងកម្ពុជា ឬនៅក្នុងប្រទេសក្បែរខាងកម្ពុជា ឬប្រទេសក្នុងតំបន់ណាមួយដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់កម្ពុជា ដើម្បីធានាថាមានការ ទទួលខុសត្រូវលើផលវិបាកពីការសាយភាយសារធាតុវិទ្យុសកម្ម មកលើបរិយាកាសនិងបរិស្ថានរ
បស់កម្ពុជា។

ជាមួយនេះដែរ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់កម្ពុជា គួរមានការធ្វើខ រក្សាសិទ្ធិលើមាត្រាមួយចំនួននៃអនុសញ្ញាខាងលើនេះ ជាពិសេសមាត្រាពាក់ព័ន្ធនឹងការទាមទារ
និងសំណង និងដំណោះស្រាយវិវាទ៕

Share.