យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពរចំពោះ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក សិនហ្សូ អាបេ លើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដោយហៅការបាញ់ប្រហារលើរូបលោក អាបេ ថា ជាដំណឹងដ៏គួរឲ្យរន្ធត់បំផុត។

លោក ដូណាល់ ត្រាំ បានសរសេរថា «លោក អាបេ គឺជាមិត្តជិតដិតរបស់ខ្ញុំ និង សហរដ្ឋអាមេរិកទាំងមូល។ នេះជាដំណឹងដ៏រន្ធត់សម្រាប់ប្រជាជនជប៉ុន ដែលគោរពស្រលាញ់ និងកោតសរសើរលោកយ៉ាងខ្លាំង។ យើងទាំងអស់គ្នាកំពុងបន់ស្រន់ដល់លោក អាបេ ឲ្យជៀសផុតពីគ្រោះថ្នាក់ និង ក្រុមគ្រួសាររបស់លោក»។

គួរបញ្ជាក់ថា ប្រទេសជប៉ុន គឺជាប្រទេសដែលមានច្បាប់ប្រើប្រាស់កាំភ្លើងដ៏តឹងរ៉ឹងបំផុត ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ ហើយករណីប្រើប្រាស់អាវុធបាញ់ប្រហារនៅក្នុងប្រទេសនេះគឺកម្រមានណាស់៕

