កំពង់ឆ្នាំង ៖ ផ្អើលអស់អ្នកភូមិ សមត្ថកិច្ច បន្ទាប់ពីមានឧទ្ធម្ភាគចក្រមួយគ្រឿងចុះចតកណ្តាលវាលស្រែ ទាំងយប់ ស្មានតែមានរឿងអ្វី សមត្ថកិច្ចចុះទៅពិនិត្យ សាកសួរជាក់ស្តែងទើបដឹងការពិត មកពីអាកាសធាតុមិនល្អ ។ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងទឹកដីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២២ មានឧទ្ធម្ភាគចក្រមួយគ្រឿង ចុះចតនៅកណ្តាល វាលស្រែ ទាំងមិនបានដឹងមុន បង្កឲ្យភ្ញាក់ផ្អើល ទាំងអ្នកស្រុក ទាំងសមត្ថកិច្ច លុះកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យ សាកសួរជាក់ស្តែង ទើបដឹងការពិត ។

សមត្ថកិច្ចបន្តទៀតថា ឧទ្ធម្ភាគចក្រមួយគ្រឿងខាងលើ អាកាសយានិក មានឈ្មោះ អេនឌី ជនជាតិអាល្លឺម៉ង់ ហើយក្នុងការបញ្ជាបើកបរទៀតសោត មានតែម្នាក់ឯងទេ បានហោះពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប។ លុះដល់ចំណុចភូមិសាស្ត្រស្រុករលាប្អៀរ ស្រាប់តែជួបនូវអាកាសធាតុមិនល្អ ភ្លៀង ខ្យល់ ទើបអាកាសយានិករូបនេះ សម្រេចបញ្ជាចុះចតនៅកណ្តាលវាលស្រែតែម្តង ដើម្បីសុវត្តិភាព ។

ក្រោយពីដឹងមូលហេតុពិតនៃការចុះចត នៃឧទ្ធម្ភាគចក្រមួយគ្រឿងខាងលើ កម្លាំងសមត្ថកិច្ច ក្រោមបញ្ជាពីឯកឧត្តមស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចាត់កម្លាំងនគរបាលខេត្ត នគរបាលទេសចរណ៍ អធិការនគរបាលស្រុករលាប្អៀរ ការពារឧទ្ធម្ភាគចក្រ ហើយនាំអាកាសយានិករូបនេះ ទៅសម្រាកនៅ សណ្ឋាគារសុវណ្ណភូមិ ក្រុងកំពង់ឆ្នាំង។ លុះដល់ព្រឹកឡើងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ទើបនាំគាត់ទៅកាន់ឧទ្ធម្ភាគចក្រវិញ ដើម្បីឲ្យលោកបន្តហោះហើរទៅខេត្តសៀមរាប ដោយសុវត្តិភាព ៕

អត្ថបទ៖តាតុង សែនជ័យ

Share.