ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជូនខ្លួន ជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ករណីបាញ់សម្លាប់តៃកុងឡានដូចគ្នា។
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាងនិងប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកអំបិល កាលពីថ្ងៃទី៦ខែកក្តដាឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី បាននៅចំណុចភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

សូមរំលឹកថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងផ្ទះវីឡា មួយកន្លែងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង១រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ គង់ សុត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរបើករថយន្តឲ្យម្ចាស់ផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ភ្លាមៗក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានក្រុមគ្រួសារអះអាងថា មានសតិមិនប្រក្រតី ហើយត្រូវបានគ្រួសារ ណែនាំឲ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែជនសង្ស័យមិនបានទៅឡើយ រហូតដល់មានបញ្ហាកើតឡើង នៅថ្ងៃកើតហេតុ។ចំពោះដើមចមដែលនាំឲ្យកើតមានករណីបាញ់ប្រហារនេះ ត្រូវបានអះអាងថា បណ្តាលមកពីមានជម្លោះពាក្យសម្តីកើតឡើងរវាងជនសង្ស័យនិងជនរងគ្រោះ៕
អត្ថបទ៖ចតុមុខ
